(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីកាលពីដើមសប្ដាហ៍នេះ បានច្រានចោលសេចក្ដីរាយការណ៍ព័ត៌មានជាច្រើន នៅក្នុងប្រទេសឥណ្ឌា ដែលអះអាងពីការរកឃើញ «វីរុស COVID-19 បំប្លែងថ្មី» មានប្រភពមកដើមនៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។
សេចក្ដីរាយការណ៍ព័ត៌មានពីវីរុសបំប្លែងថ្មី មានប្រភពដើមនៅសិង្ហបុរី ត្រូវបានចុះផ្សាយដោយសារព័ត៌មានល្បីៗនៅឥណ្ឌាដូចជា Hindustan Times និង NDTV ជាដើម ដោយសំអាងលើការស្រង់សម្ដីបង្ហោះលើ Twitter របស់មន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់ ដែលបាននិយាយថា វីរុសបំប្លែងថ្មីមានប្រភពដើមនៅសិង្ហបុរី មានភាពកាចសាហាវចំពោះកុមារ និងអាចនឹងបង្កឱ្យមានរលកថ្មីនៃ COVID-19 នៅក្នុងប្រទេសឥណ្ឌា។
ទោះជាបែបនេះក្ដី ក្រសួងសុខាភិបាលសិង្ហបុរីបានឆ្លើយតបវិញថា មិនមានវីរុសបំប្លែងខ្លួនថ្មីនៅសិង្ហបុរីនោះទេ ហើយវីរុសបំប្លែងថ្មី B16172 ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ទើបជាមូលហេតុនៅពីក្រោយការកើនឡើងករណីឆ្លង នារយៈពេលប៉ុន្មានសប្ដាហ៍មកនេះ នៅក្នុងប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Hindustan Times និង NDTV មន្ត្រីជាន់ខ្ពស់ឥណ្ឌាខាងលើក៏បានអំពាវនាវផងដែរឱ្យ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី លុបចោលជាបន្ទាន់សេវាកម្មហោះហើរជាមួយសិង្ហបុរី និងគិតគូរជាអាទិភាពលើវ៉ាក់សាំងសម្រាប់កុមារ៕