(ញូដេលី)៖ អ្នកជំងឺ COVID-19 រហូតដល់ ៤,៥២៩នាក់ទៀត បានបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះនៅឥណ្ឌា ហើយនេះជាចំនួនករណីស្លាប់ប្រចាំថ្ងៃច្រើនបំផុត ដែលប្រទេសអាស៊ីខាងត្បូងមួយនេះ មិនធ្លាប់បានជួបប្រទះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងពេលដដែលនេះ អ្នកឆ្លងជំងឺ COVID-19 ប្រមាណ ២៦៧,៣៣៤នាក់ទៀតត្រូវបានរកឃើញ។ ទោះបីជាករណីឆ្លងប្រចាំថ្ងៃ ហាក់ធ្លាក់ចុះជាបណ្តើរៗវិញ កំលុងមួយសប្តាហ៍កន្លងមកនេះមែន ប៉ុន្តែមន្ត្រីជំនាញអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការធ្វើតេស្តនៅតាមទីជនបទនៅឥណ្ឌា កំពុងមានភាពខ្វះចន្លោះខ្លាំងនៅឡើយ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងពិតប្រាកដ មិនទាន់ត្រូវបានរកឃើញ។
គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជិត ២៥,៥០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ២៨៣,២៤៨នាក់ និងជាសះស្បើយវិញជិត ២២លាននាក់ ខណៈអ្នកជំងឺ ៣.២២លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាសម្រេចបានការចាក់វ៉ាក់សាំង ១៨៥លានដូស ដោយក្នុងនោះប្រជាជនជាង ៤០លាននាក់បានចាក់គ្រប់ដូស ដែលស្មើនឹង ៣% នៃចំនួនប្រជាជនសរុប៕