(យូអិន)៖ អគ្គលេខាធិការរងទទួលបន្ទុកផ្នែកកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ លោក ម៉ាក ឡូខក់ (Mark Lowcock) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាក្រោមហេតុផលមនុស្សធម៌មួយ ជុំវិញជម្លោះវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា។ នេះ បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។
លោក Mark Lowcock បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីទាំងឯកភាពគ្នាឲ្យមានបទឈប់បាញ់គ្នា ក្រោមហេតុផលមនុស្សធម៌ ដើម្បីអនុញ្ញាតឲ្យមានការចែកចាយជំនួយមនុស្សធម៌ជាបន្ទាន់ដល់ជនស៊ីវិលសម្រាប់ទិញស្បៀងអាហារ និងទឹក ក៏ដូចជាស្វែងរក ការថែទាំសុខភាព និងចូលរួមក្នុងតម្រូវការបន្ទាន់ផ្សេងទៀតជាដើម»។
លោក Mark Lowcock បានបន្ថែមថា «ការកើនឡើងនូវអរិភាពនាពេលបច្ចុប្បន្ននេះ បានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំស្អប់អំពើហិង្សាដែលបានធ្វើឱ្យ កុមារ និងជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួស ហើយបង្កការខូចខាតយ៉ាងដំណំដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ អរិភាពត្រូវតែបញ្ឈប់។ ខ្ញុំសូមអំពាវនាវឲ្យភាគីនានាបញ្ឈប់ការទម្លាក់គ្រាប់បែកពីលើអាកាស ការបាញ់គ្រាប់កាំភ្លើងធំ និងការបាញ់គ្រាប់រ៉ុក្កែតមិនរើសអើងទៀត ព្រោះសកម្មភាព ទាំងនេះមិនបាននាំមកនូវអ្វីក្រៅតែពីការស្លាប់ ការបំផ្លាញ និងការប៉ះទង្គិចគ្នាពាសពេញទឹកដីប៉ាឡេស្ទីន និងអ៉ីស្រាអែលនោះទេ»។
លោក Mark Lowcock ក៏បានអំពាវនាវផងដែរឱ្យគ្រប់ភាគីទាំងអស់ត្រូវតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងគោលការណ៍គ្រឹះនៃភាពខុសគ្នា ភាពសមាមាត្រ និងភាពប្រុងប្រយ័ត្នទុកជាមុន ព្រមទាំងត្រូវតែយកចិត្តទុកដាក់ជាប្រចាំដើម្បីជួយសង្គ្រោះជនស៊ីវិលពីភាពគ្រោះថ្នាក់។
គួរបញ្ជាក់ថា បើតាមលោក Mark Lowcock ច្រកឆ្លងកាត់ជាមួយតំបន់ហ្គាហ្សាត្រូវការបើក និងបន្តដំណើរការដូចជាច្រកចូលនៃការផ្គត់ផ្គង់ចាំបាច់ និងការផ្គត់ផ្គង់មនុស្សធម៌ រួមទាំងប្រេងឥន្ធនៈសម្រាប់សេវាកម្មមូលដ្ឋាន និងការផ្គត់ផ្គង់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ការបើកច្រក ឆ្លងកាត់ ក៏នឹងធានាបាននូវការចាកចេញរបស់អ្នកជំងឺដែលត្រូវការការព្យាបាលសង្គ្រោះជីវិត និងការចូលរបស់ក្រុមសង្គ្រោះបន្ទាន់ផ្នែកវះកាត់ពិសេស ដើម្បីជួយសង្គ្រោះអ្នករងរបួសផងដែរ៕