(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ៤២២លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
តួលេខនេះគឺកើនប្រមាណ១៥លានដូស ពីចំនួនជិត ៤០៧លានដូសដែលបានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះ។
ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថា ងាយប្រឈមមុខបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។
គួរបញ្ជាក់ថា រយៈពេលចុងក្រោយនេះ សន្ទះនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗរបស់ពីរ គឺវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក WHO អនុម័តទទួលស្គាល់ពីប្រសិទ្ធភាព និងសុវត្ថភាពរបស់វា៕