(វ៉ាស៊ីនតោន)៖ មន្ទីរពិសោធន៍ធ្វើតេស្ដ COVID-19 តែមួយគត់នៅក្នុងហ្គាហ្សា (Gaza) និងការិយាល័យអឌ្ឍចន្ទក្រហមរបស់ប្រទេសកាតា បានរងការបំផ្លិចបំផ្លាញ ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលនៅតែបន្តបើកការវាយប្រហារ ដោយមិនសំចៃដៃលើក្រុមហាម៉ាស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់បានឈានចូលដល់សប្ដាហ៍ទី ២ ដោយភាគីទាំង ២ មិនបានបង្ហាញពីចេតនាបន្ធូរដៃនោះទេ បើទោះជាមានការអំពាវនាវឱ្យមាន បទឈប់បាញ់ពីអន្តរជាតិក៏ដោយ។ គិតត្រឹមថ្ងៃអង្គារនេះ ប្រជាជនប៉ាឡេស្ទីន ២១២នាក់ ក្នុងនោះមានកុមារ ៦១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាម ផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា ខណៈជនជាតិអ៉ីស្រាអែល ១០នាក់ ក្នុងនោះមានកុមារម្នាក់ស្លាប់ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ពីសំណាក់ក្រុមហាម៉ាស់នៅ Gaza។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់បានបង្កឱ្យមានវិបត្តិមនុស្សជាតិ ដោយបង្ខំឱ្យប្រជាជនប៉ាឡេស្ទីន ៤០,០០០នាក់ក្លាយជាជនភៀសខ្លួន និង ២,៥០០នាក់បាត់បង់ផ្ទះសម្បែង។ ដោយឡែកយោធាអ៉ីស្រាអែលក៏បានអះអាងដែរថា ក្រុមហាម៉ាស់បានបាញ់គ្រាប់រ៉ុក្កែតចំនួន ៣,៣៥០ដើមចូលក្នុងទឹកដីអ៉ីស្រាអែល តែក្នុងចំណោមគ្រាប់រ៉ុក្កែតទាំងនេះ ៩០ភាគរយត្រូវបានបំផ្លាញ ដោយប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាពីស្ថានការណ៍រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីននាពេលបច្ចុប្បន្ន។ ប៉ុន្តែគេមានសង្ឃឹមតិចតួចណាស់ថា ស្ថាប័នអន្តរជាតិកំពូលមួយនេះ អាចចេញសេចក្ដីថ្លែងការណ៍រួមទៅរួច ដ្បិតសហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំ របស់អ៉ីស្រាអែលបានបោះឆ្នោតវេតូ (ជំទាស់) នឹងសេចក្ដីថ្លែងការណ៍ ៣លើករួចមកហើយ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍មកនេះប៉ុណ្ណោះ៕