រដ្ឋបាលលោក ចូ បៃដិន អនុម័តគម្រោងលក់អាវុធទំហំជាង ៧០០លានដុល្លារ ឲ្យអ៉ីស្រាអែល មុនជម្លោះជាមួយតំបន់ហ្គាហ្សាផ្ទុះឡើង (Video inside)
18-05-2021 15:10
(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការលក់អាវុធដែលមានតម្លៃ ៧៣៥លានដុល្លារអាមេរិក ឲ្យប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Washington Post បានសេចសេចក្តីរាយការណ៍ ដោយយោងតាមប្រភពដែលដឹងច្បាស់ពីបញ្ហាខាងលើនេះថា សភាអាមេរិកត្រូវបានរដ្ឋបាលលោក បៃដិន ជូនដំណឹងជាផ្លូវការអំពីសំណើលក់អាវុធនេះ កាលពីថ្ងៃទី០៥ ខែឧសភា គឺជិតមួយសប្តាហ៍ មុនពេលជម្លោះបានកើនឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា (Gaza)។ ការលក់អាវុធនេះ រួមមានគ្រាប់បែក JDAM និងគ្រាប់បែក GBU-39 ជាដើម។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះ ក្រុមសមាជិបក្សប្រជាធិបតេយ្យអាមេរិក បានលើកឡើងពីការព្រួយបារម្ភអំពីការលក់អាវុធនេះ ខណៈយោធាអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើតំបន់ Gaza ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់។
បញ្ហាជម្លោះនាពេលនេះ ដែលមិនទាន់មានសញ្ញាថានឹងធូរស្បើយឆាប់ៗឡើយនោះ គឺជាជម្លោះហិង្សាដ៏អាក្រក់បំផុតមួយ រវាងអ៉ីស្រាអែល និងតំបន់ហ្គាហ្សា គិតចាប់តាំងពីឆ្នាំ២០១៤មក ហើយក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ វាបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២០៤នាក់ ក្នុងនោះរួមមានកុមារ ៥៩នាក់ និងប្រជាជនអ៊ីស្រាអែលចំនួន ១០នាក់ ក្នុងនោះរួមមានក្មេងប្រុសអាយុ ០៥ឆ្នាំម្នាក់ និងទាហានម្នាក់៕