(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រលើបទឈប់បាញ់មួយដើម្បីបិទបញ្ចប់ជម្លោះយ៉ាងបង្ហូរឈាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន តែព្រមពេលជាមួយគ្នាលោកនៅតែគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
ខណៈជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សាហាក់ដូចជាមិនមានសញ្ញាធូរស្រាល លោក ចូ បៃដិនឯណេះវិញកំពុងរងសម្ពាធកាន់តែ ខ្លាំងពីសមាជិកសភាមួយចំនួននៅក្នុងជួរគណបក្សប្រជាធិបតេយ្យដែលចង់ឱ្យលោកដើរតួនាទីបន្ថែម ប៉ុន្តែរដ្ឋបាលលោក បៃដិននៅតែជ្រើសរើសរក្សា ភាពស្ងប់ស្ងាត់ដោយសុខចិត្តបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអ៉ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកក្នុងពិភពអារ៉ាប់។ «នៅកាលៈទេសៈបច្ចុប្បន្ន យើងយល់ថា កិច្ចសន្ទនានៅពីក្រោយឆាកគឺជាវិធីសាស្ត្រដ៏មានលក្ខណៈស្ថាបនាបំផុតដែលយើងអាចធ្វើបាន»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki។
បើតាមសេតវិមាន លោក បៃដិន ក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលជាកិច្ចសន្ទនាលើកទី៣រវាងអ្នកទាំង២ ចាប់តាំងពីជម្លោះផ្ទុះឡើងមក។ នៅក្នុងកិច្ចសន្ទនានោះ លោក បៃដិនបានជំរុញឱ្យ អ៉ីស្រាអែលត្រូវតែធានាឱ្យបានពីកិច្ចគាំពារអាយុជីវិតជនស៊ីវិលស្លូតត្រង់ តែប្រភពពីក្រុមមន្ត្រីអាមេរិកក៏បានឱ្យដឹងដែរថាប្រធានាធិបតីអាមេរិកបានបង្ហាញ ការសោកស្ដាយចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើអគារការិយាល័យអ្នកសារព័ត៌មានក្នុងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីនកើនដល់ ២១២នាក់ហើយ ក្នុងនោះមានកុមារ ៦១នាក់ និងជាង ១,៥០០នាក់រងរបួស។ ចំណែកឯ ភាគីអ៉ីស្រាអែលមានមនុស្ស ១០នាក់ស្លាប់ ក្នុងនោះមានកុមារ ២នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីសប្ដាហ៍មុនមក៕