(សិង្ហបុរី)៖ កិច្ចប្រជុំពិសេសប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅប្រទេសសិង្ហបុរីត្រូវបានលុបចោល ០៣ខែមុនកាលបរិច្ឆេទដែលបានគ្រោងទុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានប្រកាសពីរឿងនេះនៅថ្ងៃចន្ទ ទី១៧ ឧសភានេះតែម្តង ដោយបានលើកឡើងពីភាពមិនប្រាកដប្រជាជាសកល ដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។
WEF បាននិយាយថា កិច្ចប្រជុំប្រចាំឆ្នាំបន្ទាប់ នឹងប្រព្រឹត្តទៅនៅឆមាសទីមួយនៃឆ្នាំ២០២២ ខណៈដែលទីតាំង និងកាលបរិច្ឆេទចុងក្រោយនឹងត្រូវសម្រេចចិត្តដោយផ្អែកលើការវាយតម្លៃ នៃស្ថានភាពជាក់ស្តែងនៅចុងរដូវក្តៅនេះ។
គួរបញ្ជាក់ថា បើតាមគម្រោង ប្រទេសសិង្ហបុរីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៕