(យេរូសាឡឹម)៖ កងទ័ពអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការយោធាដែលកំពុងបន្តកើតមានប្រឆាំងនឹងក្រុមហាម៉ាស គឺមិនទាន់រកឃើញកន្លែងបញ្ចប់ទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែលមួយរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «នៅដំណាក់កាលនេះ ខ្ញុំមិនទាន់អាចនិយាយអ្វីបានទេ។ ប៉ុន្តែយើងនឹងបញ្ឈប់ (ការវាយប្រហារ) នៅពេលណាដែលភាគីម្ខាងទៀតឈប់បាញ់មកលើប្រទេសអ៊ីស្រាអែល»។
ថ្ងៃចន្ទនេះគឺជាថ្ងៃទី៨ ហើយ នៃការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារតាមអាកាសជាលើកទី៣ នៅលើផ្លូវរូងក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសក៏ដូចជាគោលដៅទៅលើផ្ទះរបស់មេដឹកនាំសំខាន់ៗរបស់ពួកគេចំនួន ០៩នាក់ផងដែរ។ ការបាញ់គ្រាប់រ៉ុក្កែតចេញពីតំបន់ហ្គាហ្សា នៅតែបន្កកើតមាននៅព្រឹកថ្ងៃចន្ទនេះនៅលើសហគមន៍នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលជាប់ព្រំដែនជាមួយតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមមន្រ្តីកងទ័ពអាកាសជាន់ខ្ពស់ម្នាក់មកពីកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឲ្យដឹងថា រហូតមកដល់ពេលនេះអ៊ីស្រាអែលបានធ្វើប្រតិបត្តិការភាគច្រើនតាមរយៈកម្លាំងអាកាសរបស់ខ្លួន ដោយមិនប្រើកងទ័ពជើងគោកនៅឡើយទេ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយសប្ដាហ៍មកនេះបានកើនជិតដល់ ២០០នាក់ហើយ ក្នុងនោះមានកុមារ ៥៨នាក់ និងស្ត្រី ៣៤នាក់។ ចំណែកឯ អ៉ីស្រាអែលបានរាយការណ៍ថាពីមនុស្ស ១០នាក់បានស្លាប់ ក្នុងនោះមានកុមារ២នាក់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់៕