Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO ថាករណីឆ្លងកូវីដ-១៩នៅឥណ្ឌា «មិនមែនកំពុងធ្លាក់ចុះឡើយ» ប៉ុន្តែមកពីធ្វើតេស្តមិនគ្រប់ជ្រុងជ្រោយ ​​​​(Video inside)

17-05-2021 17:21

(ញូដេលី)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃចន្ទនេះបានធ្លាក់ចុះ បើទោះជាចំនួនអ្នកស្លាប់នៅខ្ពស់រហូតដល់ជាង ៤,០០០នាក់ក៏ដោយ។ ប៉ុន្តែអ្នកជំនាញ WHO បានព្រមានថា ការរកឃើញករណីឆ្លង «អាចនឹងមានច្រើនជាងនេះ» ដែលមិនទាន់ត្រូវបានរកឃើញ ដោយសារតែកង្វះខាតការធ្វើតេស្ដ នៅតាមតំបន់ជនបទ ដែលកំពុងត្រូវបានលុកលុយយ៉ាងលឿនរហ័ស ពីជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឥណ្ឌា ហិណ្ឌូ (Hindu) លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) ជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ការធ្វើតេស្ដនៅក្នុងប្រទេសឥណ្ឌានៅតាមរដ្ឋមួយចំនួនធំ នៅមានកម្រិតនៅឡើយ ខណៈអត្រាវិជ្ជមាននៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែលនេះជាសញ្ញាបង្ហាញថា រឿងអាក្រក់អាចនឹងកើតឡើងគ្រប់ពេល។
«ការធ្វើតេស្ដនៅតែមានកម្រិតនៅឡើយ នៅតាមរដ្ឋមួយចំនួនធំ ហើយនៅពេលដែលអ្នកបានឃើញពីអត្រា តេស្ដវិជ្ជមាននៅមានកម្រិតខ្ពស់នៅឡើយ នោះវាច្បាស់ណាស់ថា យើងមិនទាន់បានដឹកនាំការធ្វើតេស្ដ ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ»។ នេះការគូសបញ្ជាក់របស់លោកស្រី Soumya Swaminathan។

គួរបញ្ជាក់ថា ឥណ្ឌានៅថ្ងៃចន្ទនេះបានរាយការណ៍ ពីការរកឃើញករណីស្លាប់ ៤,០៩២នាក់ទៀតដោយសារជំងឺ COVID-19 ដែលនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ២៨១,៨៦០នាក់ ដែលជាចំនួនអ្នកឆ្លងទាបជាង ៣សែននាក់លើកដំបូង គិតចាប់តាំងពីថ្ងៃទី២១ ខែមេសាមក៕