(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានការពារ និងអះអាងថាការវាយប្រហារតាមផ្លូវអាកាសលើអគារមួយក្នុងតំបន់ ហ្គាហ្សា (Gaza) ដែលមានការិយាល័យរបស់ទីភ្នាក់ងារព័ត៌មាន Associated Press (AP) និង Al Jazeera នៅទីនោះគឺជាទង្វើស្របច្បាប់ដោយចោទថា អគារនេះក៏មានទីស្នាក់ការក្រុមភេរវករផងដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
លោក Benjamin Netanyahu ដែលកំពុងជាប់ក្ដីក្ដាំងក្នុងសំណុំរឿងពុករលួយធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យមិ្សលមិញ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានទទួលបានព័ត៌មានសម្ងាត់ថាការិយាល័យស៊ើបការណ៍ សម្ងាត់របស់ក្រុមភេរវករក៏ស្ថិតនៅក្នុងអគារនោះដែរជាទីដែលពួកគេរៀបចំ និងអនុវត្តគម្រោងវាយប្រហារភេរវកម្មប្រឆាំងជនស៊ីវិលអ៉ីស្រាអែល...ដូច្នេះវាជាការវាយប្រហារដោយស្របច្បាប់ដោយមិនបានបណ្ដាលឱ្យជនស៊ីវិលណាម្នាក់ស្លាប់ និងរបួសនោះទេ»។
គួរបញ្ជាក់ថា ទីភ្នាក់ងារព័ត៌មាន Associated Press បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយជុំវិញការវាយប្រហារបស់អ៉ីស្រាអែលលើការិយាល័យព័ត៌មាន របស់ខ្លួន ហើយក៏បានបញ្ជាក់ដែរថាអ៉ីស្រាអែលមិនទាន់ផ្ដល់ភស្តុតាងណាមួយបង្ហាញថាក្រុមភេរវករធ្វើសកម្មភាពនៅក្នុងអគារដែលខ្លួនបានវាយប្រហារ កម្ទេចចោលកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅឡើយ៕