(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០៩២នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ២៨១,៨៦០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ជិត ២៥លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧៤,៤១១នាក់ និងជាសះស្បើយឡើងវិញជាង ២១លាននាក់ ខណៈអ្នកជំងឺ ៣.៥២លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។
គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។
សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៣លានដូស ក្នុងនោះជាង ៤០លាននាក់ ចាក់បានគ្រប់ដូស។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មបំផុតផងដែរ ដោយប្រជាជនឥណ្ឌាសរុបជាង ៣១៦លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕