(ញូយ៉ក)៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះគ្រោងនឹងពិចារណាលើសេចក្ដីព្រាងដំណោះស្រាយមួយដែលនឹងអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មអាវុធ ឬផ្អាកការលក់អាវុធទៅឱ្យយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
ផ្ទុយពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិមិនមានលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាមនោះទេ ប៉ុន្តែវា
គឺជាសារនយោបាយមួយដ៏សំខាន់។ សេចក្ដីព្រាងដំណោះស្រាយខាងលើបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្គត់ផ្គង់ លក់ ឬផ្ទេរអាវុធឱ្យយោធាមីយ៉ាន់ម៉ា មិនថាធ្វើឡើងដោយផ្ទាល់ ឬក៏ប្រយោលនោះទេ។
គួរបញ្ជាក់ថា សេចក្ដីព្រាងដំណោះស្រាយខាងលើ ត្រូវបានតាក់តែងឡើងដោយប្រទេស Liechtenstein ដោយមានការគាំទ្រពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយដំណោះស្រាយនេះនឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក)៕