(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧,៨៣៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៨៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៧១៥,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០០,១៤៧នាក់ និងជាសះស្បើយឡើងសរុប ២៧,១៣៦,០២០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា (ពេលវេលានៅវ៉ាស៉ីនតោន) បានលើកឡើងថា កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19 គឺនឹងត្រូវទុកឲ្យក្រុមហ៊ុន និងស្ថាប័នរៀងៗខ្លួនជាអ្នកកំណត់ ចំពោះបុគ្គលិកពួកគេវិញ ដោយរដ្ឋាភិបាលសហព័ន្ធមិនអាចសម្រេចចិត្ត ចំពោះរឿងនេះឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៧១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៥៦.២១លាននាក់ (៤៧.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១២១.៧៦លាននាក់ (៣៧.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕