(ញូយ៉ក)៖ ប្រទេសចិនបានបង្ហាញការសោកស្ដាយចំពោះសហរដ្ឋអាមេរិកដែលបានបិទខ្ទប់មិនឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ចំពេលទីក្រុងប៉េកាំងកំពុងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីបញ្ឈប់ ការបង្ហូរឈាមដាក់គ្នារវាងភាគីទាំង២។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខតាមវីដេអូកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានគូសបញ្ជាក់ដូច្នេះថា៖ «វាជារឿងគួរឱ្យស្ដាយដែលប្រទេសមួយបង្កឧបសគ្គរារាំងមិនឱ្យក្រុមប្រឹក្សាសន្តិសុខអាចបញ្ចេញសំឡេងតែមួយ...យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកមានភាព ទទួលខុសត្រូវ»។ លោក វ៉ាង យី ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយផងដែរ និងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការសកម្មភាពយ៉ាងរឹងមាំ ក្នុងនោះរួមមានទាំងការគាំទ្រដំណោះស្រាយរដ្ឋពីរ (two-state solution) ហើយថាចិននឹងស្វាគមន៍ការទទួលរៀបចំកិច្ចចរចារវាងអ្នកតំណាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។
សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំរបស់អ៉ីស្រាអែលកាលពីសប្ដាហ៍មុន បានពន្យារពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាមួយការបង្ហាញពីចេតនារារាំង ការចេញសេចក្ដីថ្លែងការណ៍រួមរួចស្រេចទៅហើយ។ រដ្ឋបាលលោក ចូ បៃដិនបាននិយាយថាខ្លួនកំពុងធ្វើការនៅពីក្រោយឆាកដើម្បីព្យាយាមបន្ធូរបន្ថយជម្លោះ ហើយថាការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខមានតែធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត នៅក្នុងសុន្ទរកថាជាសាធារណៈលោក បៃដិន ផ្ទាល់បានបញ្ជាក់ច្បាស់ៗថាអ៉ីស្រាអែលមានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនពីការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា បើទោះជាលោកជំរុញឱ្យមានការបន្ធូរបន្ថយជម្លោះក៏ដោយ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយសប្ដាហ៍មកនេះបានកើនដល់ ១៩២នាក់ហើយ ក្នុងនោះមានកុមារ ៥៨នាក់ និងស្ត្រី ៣៤នាក់។ ចំណែកឯ អ៉ីស្រាអែលបានរាយការណ៍ថាពីមនុស្ស ១០នាក់បានស្លាប់ ក្នុងនោះមានកុមារ២នាក់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់៕