(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអាទិត្យនេះថា អរិភាពរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាពិតជាគួរឱ្យរន្ធត់ណាស់ ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។
ក្នុងការបើកកិច្ចប្រជុំជាសាធារណៈលើកដំបូង របស់ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ដែលមានសមាជិក ១៥រូបស្តីពីជម្លោះ លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិកំពុងអូសទាញគ្រប់ភាគីទាំងអស់ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់ និងបានអំពាវនាវឱ្យពួកគេ «អនុញ្ញាតិឱ្យកិច្ចខិតខំប្រឹងប្រែងក្រុមស្រមុះស្រមួលទទួលបានជោគជ័យ»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំជាឯកជនចំនួនពីរដងរួចមកហើយ កាលពីសប្តាហ៍មុន ជុំវិញអំពើហិង្សាដែលកាន់តែអាក្រក់ទៅៗនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមជាសាធារណៈនៅឡើយទេ ដោយសារតែសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែលមិនជឿថាវានឹងមានប្រយោជន៍ ។
ប្រេសិតពិសេស នៃអង្គការសហប្រជាជាតិប្រចាំតំបន់មជ្ឈឹមបូព៌ាលោក Tor Wennesland បានប្រាប់ក្រុមប្រឹក្សាថា «អង្គការសហប្រជាជាតិកំពុងធ្វើការដោយមិនខ្លាចនឿយហត់ ជាមួយគ្រប់ភាគីដើម្បីស្តារភាពស្ងប់ស្ងាត់ឡើងវិញ...សហគមន៍អន្តរជាតិមានតួនាទីសំខាន់ណាស់។ វាត្រូវតែចាត់វិធានការនៅពេលនេះដើម្បីធ្វើឲ្យភាគីទាំងអស់ដើរថយក្រោយទៅរកសភាពដើមវិញ»។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនឡើងដល់ ១៨១នាក់ក្នុងនោះមានកុមារ ៤៧នាក់ ខណៈអ្នករបួសរាប់ពាន់នាក់។ ចំណែកនៅខាងអ៊ីស្រាអែលឯណោះវិញ មានមនុស្ស ១០នាក់បានស្លាប់ ក្នុងនោះមានកុមារ ០២នាក់ក្នុង ការវាយប្រហារដោយរ៉ុក្កែតរាប់ពាន់ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត៕