(តៃបុិ)៖ កោះតៃវ៉ាន់នៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ក្នុងស្រុកចំនួន ២០៦ករណីបន្ថែមទៀត ខណៈកោះមួយនេះកំពុងមើលឃើញការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងសហគមន៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។
អាជ្ញាធរបានជំរុញឱ្យប្រជាជនកុំឲ្យភ័យស្លន់ស្លោទៅទិញឥវ៉ាន់ដើម្បីស្តុកទុក ខណៈវិធានការរឹតបន្តឹងដែលហាមឃាត់ការជួបជុំ និងការធ្វើដំណើរនឹងត្រូវអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
កោះមួយនេះបានបង្កើនកម្រិតប្រកាសអាសន្នប្រឆាំងនឹងកូវីដ-១៩ នៅរដ្ឋធានីតៃប៉ិ និងនៅទីក្រុងជុំវិញកាលពីថ្ងៃសៅរ៍ រយៈពេលពីរសប្តាហ៍ ដែលនឹងបិទកន្លែងជាច្រើន និងកំណត់ការប្រមូលផ្តុំ។
តាមរយៈការបង្ហោះសារនៅលើហ្វេសប៊ុកកាលពីល្ងាចថ្ងៃសៅរ៍ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានអំពាវនាវកុំឲ្យប្រជាជនភ័យស្លន់ស្លោទៅទិញទំនិញមកស្កុកទុក បន្ទាប់ពីមនុស្សម្នាបាននាំគ្នាសម្រុកទៅហាងទំនិញដើម្បីទិញរបស់របរជាមូលដ្ឋានមកស្លុកទុក ជាពិសេសមីកញ្ចប់និងក្រដាសបង្គន់។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះកោះតៃវ៉ាន់បានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុប ១,៦៨២ករណី ក្នុងនោះស្លាប់ ១២នាក់ និងជាសះស្បើយ ១,១១៦នាក់៕