(រីយ៉ាទ)៖ ស្តេចអារ៉ាប៊ីសាអ៊ូឌី Salman Bin Abdulaziz បានមានព្រះរាជបន្ទូលថា ប្រទេសអារ៉ាប៊ីសាអូឌីតសូមធ្វើការថ្កោលទោស ចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅក្រុងយេរូសាឡឹម និងអំពើហិង្សាដែលបានប្រព្រឹត្តដោយកងកម្លាំងអ៊ីស្រាអែលនៅវិហារ Al-Aqsa។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arabic News នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត (SPA) បានរាយការណ៍ថា ការអត្ថាធិប្បាយរបស់ព្រះអង្គបានធ្វើឡើងក្នុងកំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលនៅក្រុងយេរូសាឡិម។

ស្តេច Salman បានមានព្រះបន្ទូលថា ព្រះរាជាណាចក្រមួយនេះឈរនៅជាមួយប្រជាជនប៉ាឡេស្ទីនជានិច្ច ដើម្បីឲ្យពួកគេទទួលបានសិទ្ធិស្របច្បាប់របស់ខ្លួន។

ក្នុងកំឡុងពេលសន្ទនាតាមទូរស័ព្ទ មេដឹកនាំប្រទេសអ៊ីស្លាមទាំងពីរនេះក៏បានពិភាក្សាគ្នាអំពី «ទំនាក់ទំនងដ៏លេចធ្លោរវាងប្រទេសទាំងពីរ និងពិនិត្យឡើងវិញនូវការវិវត្តក្នុងតំបន់ និងអន្តរជាតិចុងក្រោយផងដែរ»

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងយោធានៃប្រទេសអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហៅថា ហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីព បានបន្តប្រព្រឹត្តទៅអស់រយៈពេលប្រមាណ ០៤ថ្ងៃហើយ ដោយមានសកម្មភាពទម្លាក់គ្រាប់បែកតាមផ្លូវអាកាស, បាញ់គ្រាប់រ៉ុក្កែត និង ផ្លោងកាំភ្លើងធំជាដើម។ មនុស្សយ៉ាងហោចណាស់ជាង ៨៣នាក់ហើយ បានស្លាប់បាត់បង់ជីវិត។

វាជាការប្រយុទ្ធគ្នាដ៏កក្រើកដំបូងបំផុតមួយរវាងភាគីទាំងពីរ គិតចាប់តាំងតែពីការវាយប្រហារទ្រង់ទ្រាយធំ តាមផ្លូវគោក និងផ្លូវអាកាសលើកចុងក្រោយបង្អស់ ដែលអ៉ីស្រាអែលធ្វើឡើងប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីព រយៈពេលដល់ទៅ ៥០ថ្ងៃកាលពីឆ្នាំ២០១៤៕