(ហាណូយ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ វៀតណាមបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៥៦ករណី ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសបន្តកើនដល់ ៣,៦៧៩នាក់ ខណៈចំនួនករណីអ្នកស្លាប់នៅបន្ត ៣៥នាក់ដដែល។ នេះបើយោងតាមគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៥៤នាក់គឺជាករណីឆ្លងក្នុងសហគមន៍ ខណៈ ០២នាក់ទៀត ជាករណីអ្នកធ្វើដំណើរ ត្រឡប់មកពីក្រៅប្រទេស។ សម្រាប់កន្លែងដែលត្រូវបានរកឃើញ ករណីឆ្លងច្រើនៗ រួមមានដូចជាទីក្រុង ដា ណាង (Da Nang) ដែលមាន ២២ករណី ហើយនិងរដ្ឋធានីហាណូយ ព្រមទាំងខេត្ត បាក់ ហ្សាង (Bac Giang) ដែលមាន ០៧ករណីដូចៗគ្នា។
គួរបញ្ជាក់ថា ចាប់តាំងពី COVID-19 បានផ្ទុះឡើងវិញកាលពីចុងខែមុន វៀតណាមបានកត់ត្រាករណីឆ្លងក្នុងសហគមន៍សរុប ៦៦៥នាក់ នៅតាមទីក្រុង-ខេត្តចំនួន ២៦ ដែលភាគច្រើននៅតំបន់ភាគកណ្តាល និងភាគខាងជើងប្រទេស។ មកទល់ពេលនេះ មនុស្សជាង ៩សែននាក់ ឬស្មើនឹង ១ភាគរយនៃប្រជាជនវៀតណាមសរុប បានចាក់វ៉ាក់សាំងបង្ការ COVID-19។
នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ១.៧លានដូស នឹងមកដល់ប្រទេសវៀតណាម ក្រោមកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO)៕