(បាងកក)៖ អគ្គលេខាធិការនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) នៃប្រទេសថៃ លោកវេជ្ជបណ្ឌិត ផៃសាន ដេនឃុំ (Phaisan Dankhum) បាននិយាយថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac មានសុវត្ថិភាពក្នុងការប្រើប្រាស់ បើទោះជាវ៉ាក់សាំងនេះមិនទាន់ត្រូវបាន ចុះបញ្ជីទទួលស្គាល់សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ដោយអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។
លោក Phaisan Dankhum បានឱ្យដឹងទៀតថា វ៉ាក់សាំង Sinovac មិនត្រូវបានចុះបញ្ជីទទួលស្គាល់សម្រាប់ការប្រើប្រាស់ ក្នុងករណីបន្ទាន់ដោយអង្គការ WHO មិនមែនមានន័យថា វ៉ាក់សាំងចិនមួយនេះគ្មានប្រសិទ្ធភាព ឬបរាជ័យខាងគុណភាពនោះទេ។ លោក Phaisan ធ្វើការកត់សម្គាល់បែបនេះដោយលើកយកវ៉ាក់សាំង របស់ក្រុមហ៊ុនដទៃមកធ្វើជាឧទាហរណ៍ នោះគឺវ៉ាក់សាំងក្រុមហ៊ុន Pfizer, Moderna, AstraZeneca និងក្រុមហ៊ុន Johnson & Johnson សុទ្ធតែត្រូវបានចុះបញ្ជីទទួលស្គាល់ នៅក្នុងសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងបណ្ដាប្រទេសអឺរ៉ុប មុននឹងត្រូវបាន WHO អនុម័តឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់។
គួរបញ្ជាក់ថា បើតាមលោក Phaisan Dankhum ការធ្វើតេស្ដវ៉ាក់សាំង Sinovac ដំណាក់កាលទី ៣ ក្នុងប្រទេសប្រេស៊ីលបានបង្ហាញថា វ៉ាក់សាំងចិនមួយនេះមាន ប្រសិទ្ធភាពបង្ការជំងឺ COVID-19 ច្រើនជាង ៥០ភាគរយ, អាចបង្ការមិនឱ្យអ្នកជំងស្លាប់ ១០០ភាគរយ និងមានប្រសិទ្ធភាព ៧៧.៩ភាគរយការពារមិនឱ្យអ្នកជំងឺវិវត្ត ទៅរករោគសញ្ញាធ្ងន់បន្ទាប់ពីបានឆ្លង។
ម្យ៉ាងវិញទៀត តាមលទ្ធផលនៃសិក្សាស្រាវជ្រាវនៅក្នុងប្រទេសថៃផ្ទាល់ ក៏បានបង្ហាញដែរថា អ្នកដែលបានចាក់វ៉ាក់សាំង Sinovac មានប្រព័ន្ធភាពសុំា ៩៩.៤ភាគរយប្រឆាំងនឹង COVID-19 ក្នុងរយៈពេលមួយខែក្រោយចាក់ដូសទី ២ ខណៈប្រព័ន្ធភាពសុំានៃអ្នកជំងឺដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ មាន ៩២.៤ភាគរយ បន្ទាប់ពីចាក់ដូសទី ២ ក្នុងរយៈពេលពី ៤-៨សប្ដាហ៍៕