(ញូដេលី)៖ មន្រ្តីឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា (DCGI) បានសម្រេចចាប់ផ្ដើមធ្វើតេស្តសាកល្បងដំណាក់កាលទី ២ និងទី ៣ នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថឥណ្ឌា បារ៉ាត់ បាយអូធិច (Bharat Biotech) ដែលមានឈ្មោះសម្គាល់ថា ខូវ៉ាស៊ីន (COVAXIN) លើក្រុមមនុស្សដែលមានអាយុចាប់ពី ២-១៨ឆ្នាំហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់ថា «និយ័តករជាតិនៃប្រទេសឥណ្ឌា និង DCGI បន្ទាប់ពីបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ បានសម្រេចចេញសេចក្ដីយល់ព្រមអនុញ្ញាត ឱ្យធ្វើតេស្តសាកល្បងវ៉ាក់សាំង COVAXIN ដំណាក់កាលទី ២ និងទី ៣ លើក្រុមមនុស្សដែលមានអាយុចាប់ពី ០២ឆ្នាំ ដល់ ១៨ឆ្នាំហើយ ដែលសេចក្ដីយល់ព្រមអនុញ្ញាតនេះ បានផ្ដល់ឱ្យក្រុមហ៊ុន Bharat Biotech Ltd កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១»។
ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់បន្ថែមថា ការធ្វើតេស្តសាកល្បង នឹងត្រូវធ្វើឡើងលើអ្នកស្ម័គ្រចិត្ត ដែលមានសុខភាពល្អចំនួន ៥២៥នាក់។ នៅក្នុងការធ្វើតេស្តសាកល្បង វ៉ាក់សាំងនឹងត្រូវបានផ្តល់ការចាក់ជូនចំនួន ០២ដូសក្នុងចន្លោះរយៈពេល ២៨ថ្ងៃ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ២៣,៧០៣,៦៦៥ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ៣៦២,៧២៧ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈចំនួនអ្នកស្លាប់សរុបក៏បានកើនឡើងដល់ ២៥៨,៣១៧នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ៤,១២០នាក់ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា៕