(ប៉េកាំង)៖ ពីស្រែចម្ការដល់រោងចក្រ ពីរោងចក្រដល់ការកែច្នៃ លក់ដូរ និងដឹកជញ្ជូន ស្មៅ Ay បានជំរុញការអភិវឌ្ឍនៃឧស្សាហកម្ម មានលក្ខណៈពិសេសក្នុងតំបន់។ ស្មៅ Ay ជារុក្ខជាតិឱសថប្រពៃណីចិន ប៉ុន្តែវាបង្កប់ខ្លឹមសារនៃវប្បធម៌ចិន។ ប្រជាជនចិនមិនគ្រាន់តែប្រើស្មៅ Ay មកបួងសួងសុំសុភមង្គល និងសន្តិភាពប៉ុណ្ណោះទេ ថែមទាំងប្រើវាបំបាត់ជំងឺផងដែរ។ ក្រុង Nanyang ជាតំបន់ផលិតឱសថចិនសែដ៏សំខាន់នៅទូទាំងប្រទេស មានល័ក្ខខ័ណ្ឌទីតាំងភូមិសាស្ត្រ និងអាកាសធាតុពិសេស។ បច្ចុប្បន្ន ទំហំដាំស្មៅ Ay នៅក្រុង Nanyang មានជិត២ម៉ឺនហិកតា ទំហំដាំដុះតាមស្តង់ដាររបស់វាជាប់ចំណាត់ថ្នាក់លេខ ១ នៅទូទាំងប្រទេស។
ថ្ងៃទី១២ ខែឧសភា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារ នៅក្រុមហ៊ុនផលិតស្មៅ Ay ឈ្មោះ Yaoyibao ក្រុង Nanyang ដើម្បីស្វែងយល់ពីស្ថានការណ៍ក្នុងតំបន់ ដែលពឹងផ្អែកលើឧត្តមភាពនៃស្មៅ Ay ដើម្បីអភិវឌ្ឍឧស្សាហកម្មមានលក្ខណៈពិសេស និងផ្តល់ឱកាសការងារសម្រាប់ប្រជាជន។ ក្រុមហ៊ុនYaoyibaoក្រុងNanyangបានវិវឌ្ឍទៅជាសហគ្រាសពិតដែលមានខ្សែសង្វាក់ឧស្សាហកម្មពេញលេញ រួមមានផលិតកម្មនិងសិក្សាស្រាវជ្រាវ ច្នៃប្រឌិតថ្មីដោយបច្ចេកវិទ្យា លក់ដូរតាមទីផ្សារនិងអនឡាញ មានតម្លៃផលិតសរុបជាង ៨០លានយាន់ប្រាក់ចិននៅឆ្នាំ២០២០ ក្នុងនោះ ទំហំលក់ដូរតាមអនឡាញគឺ ២០លានយាន់ប្រាក់ចិន។
ក្រុមហ៊ុននេះក៏ជាមូលដ្ឋាននៃការផ្តល់ឱកាសការងារ ជួយកាត់បន្ថយភាពក្រីក្រក្នុងតំបន់ផងដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តល់ឱកាសការងារចំនួនជាង ២០០នាក់ ជូនជនពិការនិងបុគ្គលិកបាត់បង់ការងារជាដើម ហើយជួយឱ្យកសិករជាង ៣០០០នាក់មានការងារធ្វើ។ បុគ្គលិកក្នុងរោងចក្របានប្រាប់អ្នកសារព័ត៌មានថា ប្រាក់ខែរបស់ពួកគាត់គឺពី ៤០០០យាន់ប្រាក់ចិនដល់ ៩០០០យាន់ប្រាក់ចិន៕