(ប៉េកាំង)៖ ទីក្រុង Nanyang ដែលស្ថិតនៅខេត្ត Henan ប្រទេសចិន គឺជាមូលដ្ឋានបណ្តុះកូនពូជផ្កាកុលាបចិន ធំជាងគេបំផុតនៅក្នុងប្រទេសចិន។ ថ្ងៃទី១២ ខែឧសភា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ដែលកំពុងអញ្ជើញចុះត្រួតពិនិត្យការងារ នៅខេត្ត Henan បានទៅដល់សួនពិព័រណ៍ផ្កាកុលាបចិនក្រុង Nanyang ដើម្បីចុះត្រួតពិនិត្យពីស្ថានការណ៍ក្នុងតំបន់ ដែលពឹងផ្អែកលើឧត្តមភាពផ្នែកផ្កាកុលាបចិន ដើម្បីអភិវឌ្ឍឧស្សាហកម្មមានលក្ខណៈពិសេស ដែលអាចផ្តល់ឱកាសការងារសម្រាប់មហាជន។
មាន១០ពណ៌ ដើមឈើបុរាណអាយុ១០០ឆ្នាំ ២,០០០ប្រភេទ ទិន្នផលប្រចាំឆ្នាំមានទំហំ២.៥ពាន់លានយាន់ប្រាក់ចិន... តួលេខទាំងអស់នេះ សុទ្ធតែបានពិពណ៌នាអំពីផ្កាកុលាបចិននៃទីក្រុង Nanyang។ សួនពិព័រណ៍ផ្កាកុលាបក្រុង Nanyang ដែលលោក ស៊ី ជីនភីង បានចុះត្រួតពិនិត្យនេះ គឺជាសួនកម្សាន្តស្តីពីផ្កាកុលាបចិនធំជាងគេរបស់ប្រទេសចិន ដែលមានផ្ទៃដីប្រហែល៨៧ហិកតា។ ចាប់តាំងពីបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០១០ សួនពិព័រណ៍ផ្កាកុលាបចិននេះ ទទួលបានទេសចរជាតិនិងអន្តរជាតិសរុបជាង ៣លាននាក់។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុង Nanyang បានអភិវឌ្ឍឧស្សាហកម្មធំៗចំនួន៣ រួមមានការបណ្តុះកូនពូជផ្កាកុលាបចិន ការកែច្នៃផ្កានិងទេសចរណ៍វប្បធម៌។ ទំហំដាំផ្កាកុលាបចិននៅទីក្រុងនេះ មានប្រមាណ១ម៉ឺនហិកតា ដែលបានបណ្តុះកូនពូជ ១.៥ពាន់លានដើមក្នុងមួយឆ្នាំ ជំរុញឱ្យប្រជាជនជាង១៥ម៉ឺននាក់នៅក្នុងទីក្រុង ចូលរួមជាមួយឧស្សាហកម្មផ្កាកុលាបចិន។ ផ្កាកុលាបមិនត្រឹមតែសម្រាប់គយគន់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧស្សាហកម្ម ដែលជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនផងដែរ៕