(ហុងកុង)៖ នៅពេលវ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ីត្រូវបានដាក់លក់ ឬចែកចាយទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក វ៉ាក់សាំងទាំងនេះ រាប់រយលានដូសនឹងត្រូវភ្ជាប់ជាមួយពាក្យ «Made in China»។ ក្រុមហ៊ុនចិនជាច្រើនកាលពីពេលថ្មីៗនេះបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីផលិតវ៉ាក់សាំង Sputnik V ច្រើនជាង ២៦០លានដូស។ វ៉ាក់សាំងរុស្ស៊ីមួយនេះត្រូវបានអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេសច្រើនជាង៦០ ក្នុងនោះភាគច្រើនជាបណ្ដា ប្រទេស កំពុងអភិវឌ្ឍដូចជាម៉ិកស៊ីកូ ឥណ្ឌា និងអាហ្សង់ទីនជាដើម។

កិច្ចព្រមព្រៀងនេះគឺជានិមិត្តរូបមួយបង្ហាញពីរបៀបដែលចិន និងរុស្ស៊ីបង្កើនការគាំទ្រផ្នែកវ៉ាក់សាំងជាលក្ខណៈអន្តរជាតិ ស្របពេលប្រទេសទាំង២ កំពុងផ្ដល់ជំនួយដល់ បណ្ដាប្រទេសកំពុងអភិវឌ្ឍដែលរងការព្រងើយកន្ដើយពីប្រទេសលោកខាងលិចដែលត្រូវបានចោទប្រកាន់ថាអាត្មានិយមស្ដុកវ៉ាក់សាំងលើសតម្រូវការ។ បើតាម ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Duke University ខណៈបណ្ដាប្រទេសមួយចំនួនដូចជា កាណាដា, ចក្រភពអង់គ្លេស និងនូវែលសេឡង់ រួមទាំងអាមេរិក មានវ៉ាក់សាំងគ្រប់គ្រាន់លើសពីតម្រូវការចាក់ជូនប្រជាជនរបស់ខ្លួន ប្រទេសដទៃភាគច្រើនក្នុងនោះរួមមានប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 បែរជាខ្វះខាត វ៉ាក់សាំងទៅវិញ។

លោក Bobo Lo ជាអ្នកជំនាញលើទំនាក់ទំនងចិន-រុស្ស៊ី និងជាអតីតអនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងម៉ូស្គូបាននិយាយថាទាំងចិន និងរុស្ស៊ី កំពុងមើលឃើញឱកាសពង្រីកផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងឥទ្ធិពលរបស់ពួកគេតាមរយៈការប្រើប្រាស់ «វ៉ាក់សាំងជាអាវុធភូមិសាស្ត្រនយោបាយ»។ មិនតែប៉ុណ្ណោះ ម៉ូស្គូ និងប៉េកាំងក៏ចង់ឆ្លៀតបង្ហាញឱ្យពិភពលោកបានឃើញពីភាពអាត្មានិយមរបស់ប្រទេសលោកខាងលិច និងវាយបំបាក់ភាពជាអ្នកដឹកនាំសណ្ដាប់ធ្នាប់ ពិភពលោករបស់សហរដ្ឋអាមេរិកផងដែរ។

*កំពុងត្រូវប៉ាន់

រុស្ស៊ីជាប្រទេសដំបូងគេបំផុតដែលបានប្រកាសថាខ្លួនផលិតបានជោគជ័យនូវវ៉ាក់សាំងបង្ការ COVID-19 ហើយបានចុះបញ្ជីទទួលស្គាល់ភ្លាមៗកាលពីខែសីហា ឆ្នាំ២០២០ ដោយដាក់ឈ្មោះវ៉ាក់សាំងនេះថា Sputnik V យកតាមឈ្មោះផ្កាយរណប Sputnik ដែលរុស្ស៊ីបាញ់បង្ហោះកាលពីឆ្នាំ១៩៥៧។ វ៉ាកសាំង Sputnik V ត្រូវបានគេរាយការណ៍ថាមានប្រសិទ្ធភាព ៩១.៦ភាគរយ។

បច្ចុប្បន្ន វ៉ាក់សាំង Sputnik V រាប់រយលានដូស រួមជាមួយវ៉ាក់សាំងចិន Sinovac និង Sinopharm ត្រូវបានចែកចាយទៅកាន់ជុំវិញពិភពលោក ទោះជាបីជាមានតែ វ៉ាក់សាំង Sinopharm តែមួយគត់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO ក៏ដោយ។ នៅតំបន់អាមេរិកឡាទីនដែលជាដែនឥទ្ធិពលរបស់ សហរដ្ឋអាមេរិក មានប្រទេសកាន់តែច្រើនឡើងដូចជាអាហ្សង់ទីន និងស៊ីលីបានបញ្ជាទិញវ៉ាក់សាំងរុស្ស៊ី និងចិនក្នុងចំនួនដ៏ច្រើនដើម្បីបំពេញកង្វះខាតនៃយុទ្ធនាការ ចាក់វ៉ាក់សាំងរបស់ពួកគេ។

សាកលវិទ្យាល័យ Duke University បានឱ្យដឹថាអាហ្សង់ទីនបានបញ្ជាទិញវ៉ាក់សាំងរុស្ស៊ី Sputnik V ៣០លានដូស និងវ៉ាក់សាំង Sinopharm ចំនួន៤លានដូសដោយ មិនបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក Pfizer ឡើយ។ ឥណ្ឌូណេស៊ីដែលជាសម្ព័ន្ធយូរអង្វែងមួយរបស សហរដ្ឋអាមេរិកបានបោះដៃងាកទៅរកចិន ជាមួយការបញ្ជាទិញវ៉ាក់សាំងចិន Sinovac ក្រោយការបញ្ជាទិញវ៉ាក់សាំង AstraZeneca ត្រូវពន្យារពេលដោយសាររលកទី២ COVID-19 នៅក្នុងប្រទេសឥណ្ឌា។

គិតមកទល់នឹងពេលនេះ ឥណ្ឌូណេស៊ីបានទិញវ៉ាក់សាំង Sinovac យ៉ាងហោច១២៥លានដូស រីឯអ្នកទិញវ៉ាក់សាំង Sinovac ធំលំដាប់ទី២គឺប្រទេសតួកគី។ តួកគី ដែលជាសមាជិក NATO និងជាដៃគូដ៏សំខាន់របស់អាមេរិកបានទិញវ៉ាក់សាំង Sinovac ១០០លានដូស ហើយបានចាប់ផ្ដើមចាក់វ៉ាក់សាំងនេះជូនប្រជាជនខ្លួន កាលពីខែមករាកន្លងទៅ។ បើតាមមូលនិធិរុស្ស៊ី RDIF កាលពីខែកុម្ភៈកន្លងទៅនេះ វ៉ាក់សាំង Sputnik V ច្រើនជាង ២.៥ពាន់លានដូសទទួលបានការបញ្ជាទិញ
ហើយព្រមពេលជាមួយគ្នា ក្រុមហ៊ុនចិន Sinopharm ក៏បានអះអាងដែរថាខ្លួនទទួលបានការបញ្ជាទិញ ៥០០លានដូស។

ចំណែកឯ វ៉ាកសាំង Sinovac វិញទទួលការបញ្ជាទិញ ៤៥០លានដូស និងមានផែនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសចំនួន១០ ដើម្បីជួយបង្កើនការផលិតវ៉ាក់សាំង។ វ៉ាក់សាំងរុស្ស៊ី និងចិនត្រូវបានលក់ច្រើនជាងផ្ដល់ជាអំណោយ ប៉ុន្តែ វិទ្យាស្ថាន Think Global Health បានរកឃើញថាចិនបានផ្ដល់អំណោយជាវ៉ាក់សាំងដល់ប្រទេស ៦៣ ក្នុងចំណោម៦៥ ប្រទេស ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។

*តើចិន និងរុស្ស៊ីជាដៃគូ ឬជាគូប្រជែង?

ទំនាក់ទំនងរវាងចិន និងរុស្ស៊ីកាន់តែស្អិតរមួតឡើងនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពី និងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីនដែលបានពង្រឹង ផលប្រយោជន៍ភូមិសាស្ត្រនយោបាយនឹងគ្នាទៅវិញទៅមក។ តាមការពិតទៅ រុស្ស៊ី និងចិនត្រូវបានក្រុមអ្នកជំនាញភាគច្រើនមើលឃើញថាជាគូប្រជែងផង និងជាដៃគូ ផង ដោយម្ខាងប្រទេសទាំង២ សុទ្ធតែលាក់មហិច្ឆតាពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាល។

ក៏ប៉ុន្តែការឆ្លងរាតត្បាត COVID-19 បានធ្វើឱ្យចិន និងរុស្ស៊ីកាន់តែខិតជិតគ្នាឡើង ដ្បិតមហាយក្សទាំង២នេះមើលឃើញដូចគ្នាពីផលប្រយោជន៍រួម នោះគឺប្រើប្រាស់ «វ៉ាក់សាំងជាអាវុធភូមិសាស្ត្រនយោបាយ» វាយបំបាក់ប្រជាប្រិយភាព និងឥទ្ធិពលប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក ដោយចង់ឬមិនចង់ប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍដែលបានទទួលវ៉ាក់សាំងរបស់ពួកគេ ប្រហែលជានឹងមិនបំភ្លេចគុណពួកគេឡើយ។ កាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានព្រមានចំៗថារុស្ស៊ី និងចិនអាចនឹងប្រើប្រាស់វ៉ាក់សាំងដើម្បីពង្រីកឥទ្ធិពលលើបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅជុំវិញពិភពលោក ក្រោមសណ្ឋាននៃ «សង្រ្គាមលោកបែបថ្មីមួយ»

បើតាមលោក Bobo Lo ទោះជាគេពិបាកស្មានថាភាពល្អូកល្អូនរវាងរុស្ស៊ី និងចិនមានរយៈពេលយូរប៉ុណ្ណាក៏ដោយ តែបច្ចុប្បន្នលោក ស៊ី ជិនពីង និងលោក ពូទីនកំពុង រួមដៃគ្នា និងកាន់តែខិតជិតគ្នាដោយសារតែការកើនឡើងនៃគំនិតប្រឆាំងរដ្ឋាភិបាលនៃប្រទេសទាំង២ ពីសំណាក់ប្រទេសលោកខាងលិច។ និយាយឱ្យងាយស្ដាប់បើ សហរដ្ឋអាមេរិក ឬអឺរ៉ុបដាក់សម្ពាធកាន់តែខ្លាំង រុស្ស៊ី និងចិនក៏អាចនឹងកាន់តែល្អូកល្អើននឹងគ្នាតាមហ្នឹងដែរ។

*វ៉ាក់សាំងការទូត

ចិន និងរុស្ស៊ីបានបដិសេធជារឿយៗថាខ្លួនមិនបានចូលរួមក្នុងយុទ្ធសាស្ត្រវ៉ាក់សាំងការទូតអ្វីនោះទេ។ ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីបាននិយាយថាអ្វីដែលប្រទេសទាំង២កំពុងធ្វើគឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។

លោក វ៉ាង យីបានគូសបញ្ជាក់នាឱកាសនោះដូច្នេះថា៖ «ខណៈប្រទេសធំៗមួយចំនួនកំពុងស្ដុកទុកវ៉ាក់សាំងសម្រាប់តែផលប្រយោជន៍ខ្លួនឯង យើងចង់ឃើញមនុស្ស កាន់តែច្រើនឡើងបានទទួលការចាក់វ៉ាក់សាំង។ ក្ដីសង្ឃឹមរបស់យើងគឺចង់ឃើញពិភពលោកយកឈ្នះលើ COVID-19 ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយសម្រាប់ចិន និងរុស្ស៊ី ជម្រើសរបស់ពួកយើង គឺមិនមែនបម្រើឱ្យតែផលប្រយោជន៍របស់ពួកយើងនោះទេ ប៉ុន្តែដើម្បីជួយពិភពលោកទាំងមូល»

តែទោះជាយ៉ាងក៏ដោយ អ្នកនយោបាយលោកខាងលិច និងក្រុមអ្នកជំនាញភាគច្រើនសុទ្ធតែយល់ថាចិន និងរុស្ស៊ីកំពុងប្រើប្រាស់វ៉ាក់សាំងជាអាវុធភូមិសាស្ត្រនយោបាយ ពង្រីកឥទ្ធិពល។ ការយល់ឃើញបែបនេះបានកើតឡើងជាពិសេស ក្រោយរុស្ស៊ីអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Sputnik V យ៉ាងតក់ក្រហល់ និងចែកចាយវ៉ាក់សាំង ទៅក្រៅប្រទេសភ្លាមៗ ទោះជាការចាក់វ៉ាក់សាំងនៅក្នុងស្រុកនៅមានកម្រិតតិចតួចក្ដី។ ជាក់ស្ដែង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីខែកុម្ភៈ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា ហ្វុន ឌឺ ឡេយិន (Ursula von der Leyen) បានលើកឡើងត្រង់ដូច្នេះថា៖ «យើងនៅតែងឿនឆ្ងល់នៅឡើយថាតើហេតុអ្វី បានជារុស្ស៊ីផ្គត់ផ្គង់វ៉ាក់សាំងទៅក្រៅប្រទេសរាប់លានដូស ខណៈយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឯងមានភាពយឺតយ៉ាវនៅឡើយ។ នេះជាសំនួរមួយដែលគួរតែ មានចម្លើយមកវិញ»

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន ប្រជាជនរុស្ស៊ីតែ ៥ភាគរយប៉ុណ្ណោះបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស។ ចំណែកឯ ចិនបានអះអាងថាខ្លួនបានចាក់ វ៉ាក់សាំងច្រើនជាង ៣០០លានដូសគិតត្រឹមខែឧសភា ដោយមិនទាន់មានការបញ្ជាក់ថាតើប្រជាជនចិនប៉ុន្មាននាក់ចាក់ដូសទី១ ឬដូសទី២នោះទេ។ តែអ្វីដែលគេត្រូវ ទទួលស្គាល់គឺថាប្រទេសកាន់តែច្រើនឡើងបានបោះដៃទៅរកចិន និងរុស្ស៊ីដើម្បីបានវ៉ាក់សាំងចាក់ជូនប្រជាជនរបស់ពួកគេជាមួយក្ដីរំពឹងថាអាចនឹងត្រឡប់ទៅជីវភាព ធម្មតាវិញ នៅក្នុងបរិបទប្រទេសលោកខាងលិចកំពុងជាប់ដៃចាក់វ៉ាក់សាំងនៅក្នុងស្រុក៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១)