(បរទេស)៖ មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ អ៉ីស្រាអែល និងតំបន់ហ្គាហ្សា នៅតែបន្តបើកការវាយប្រហារដាក់គ្នាទៅវិញទៅមក យ៉ាងក្តៅគគុក ដោយបានបណ្តាលឲ្យមនុស្សសរុបយ៉ាងហោចជាង ៧០នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។
ការប្រយុទ្ធគ្នារវាងយោធានៃប្រទេសអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហៅថា ហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីព បានបន្តប្រព្រឹត្តទៅអស់រយៈពេលប្រមាណ ០៤ថ្ងៃហើយ ដោយមានសកម្មភាពទម្លាក់គ្រាប់បែកតាមផ្លូវអាកាស, បាញ់គ្រាប់រ៉ុក្កែត និង ផ្លោងកាំភ្លើងធំជាដើម។
វាជាការប្រយុទ្ធគ្នាដ៏កក្រើកដំបូងបំផុតមួយរវាងភាគីទាំងពីរ គិតចាប់តាំងតែពីការវាយប្រហារទ្រង់ទ្រាយធំ តាមផ្លូវគោក និងផ្លូវអាកាសលើកចុងក្រោយបង្អស់ ដែលអ៉ីស្រាអែលធ្វើឡើងប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីព រយៈពេលដល់ទៅ ៥០ថ្ងៃកាលពីឆ្នាំ២០១៤។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការពីភាគីទាំងសងខាង មនុស្សយ៉ាងតិច ៦៥នាក់បានស្លាប់នៅឯតំបន់ហ្គាហ្សាស្ទ្រីព ហើយ ០៧នាក់បានស្លាប់នៅប្រទេសអ៉ីស្រាអែល ដោយសារការវាយប្រហារគ្រាប់រ៉ុក្កែត និងទម្លាក់គ្រាប់បែកតាមផ្លូវអាកាស។ អន្តរជាតិហាក់ពិបាកដោះស្រាយបញ្ហានេះបន្តិច ដោយសារតែសេចក្តីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ UN ត្រូវបានសហរដ្ឋអាមេរិករាំងខ្ទប់រួចទៅហើយ។
ខាងក្រោម គឺជារូបភាពមួយចំនួន បង្ហាញពីទិដ្ឋភាពនៃការវាយប្រហារដាក់គ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់-ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីព៖