(កដ្ឋមណ្ឌូ)៖ ក្រុមអ្នករៀបចំបេសកកម្មឡើងភ្នំនៅប្រទេសនេប៉ាល់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកឡើងភ្នំចំនួន០២នាក់ មកពីសហរដ្ឋអាមេរិក និងប្រទេសស្វីស បានស្លាប់នៅលើភ្នំអេវឺរេស (Everest) ដែលជាករណីស្លាប់ដំបូងបង្អស់ នៅក្នុងរដូវកាលឡើងភ្នំ នៃឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP។
ជាមធ្យម មានអ្នកឡើងភ្នំប្រហែល ០៥នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នៅលើភ្នំដ៏ខ្ពស់បំផុតនៅលើពិភពលោកមួយនេះ។ ប៉ុន្តែនៅក្នុងរដូវកាលថ្មីៗនេះ ភ្នំ Everest បានមើលឃើញមានការកើនឡើងគួរឲ្យកត់សម្គាល់ នៃចំនួនអ្នកឡើងភ្នំ ដែលនាំឱ្យមានមនុស្សច្រើនកកកុញ ខណៈបញ្ហានេះ ជារឿយៗត្រូវបានចាត់ទុកជាមូលហេតុ នៃការស្លាប់របស់មនុស្សជាច្រើននាក់ នៅទីនោះ។
អ្នកឡើងភ្នំនៃក្រុម Seven Summit Treks បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា អ្នកឡើងភ្នំ Everest ០២នាក់ បានបាត់បង់ជីវិត នៅថ្ងៃពុធនេះ។ អ្នកឡើងភ្នំជនជាតិស្វីស ឈ្មោះ Abdul Waraich អាយុ៤០ឆ្នាំបានស្លាប់នៅជិតកំពូលភ្នំ បន្ទាប់ពីបានឡើងដល់កំពូល និងអស់កម្លាំងខ្លាំង។ ក្រុមបេសកកម្ម បានបញ្ជូនមនុស្ស០២នាក់ រួមជាមួយអុកស៊ីសែន និងចំណីអាហារ ដើម្បីទៅជួយសង្គ្រោះដែរ ប៉ុន្តែជាអកុសលពួកគេមិនអាចជួយបាន។
ចំណែកឯអ្នកឡើងភ្នំជនជាតិអាមេរិក លោក Puwei Liu អាយុ ៥៥ឆ្នាំ បានឡើងដល់ចំនុច Hillary Step គឺជិតដល់កំពូលភ្នំ ប៉ុន្តែត្រូវគេជួយចុះមកក្រោមវិញ បន្ទាប់ពីលោកមានបញ្ហាព្រិលភ្នែក និងហត់នឿយខ្លាំង។ លោកបានត្រឡប់មកដល់ចំណុចជំរំទី៤ ( Camp 4) ប៉ុន្តែបន្តិចក្រោយមក ក៏បានបាត់បង់ជីវិតភ្លាមៗទៅ។
គួរបញ្ជាក់ថា អ្នកឡើងភ្នំចំនួន ១១នាក់បានស្លាប់នៅលើ ភ្នំខ្ពស់បំផុតរបស់ពិភពលោកនេះ កាលពីឆ្នាំ២០១៩ ដោយមានអ្នកស្លាប់ចំនួន ០៤នាក់ ត្រូវបានគេទម្លាក់កំហុសទៅលើ បញ្ហាមនុស្សច្រើនកកកុញពេក។ មានថ្ងៃមួយនោះ មនុស្សចំនួន ៣៥៤នាក់ ត្រូវបានតម្រង់ជួរ ដើម្បីឡើងទៅដល់កំពូលភ្នំ ពីចំហៀងខាងត្បូងរបស់ប្រទេសនេប៉ាល់ និងពីចំហៀងភាគខាងជើងរបស់តំបន់ទីបេ។ ដើម្បីសម្រួលដល់ ភាពចង្អៀតណែនណាន់តាន់តាប់នេះ ក្រសួងទេសចរណ៍នេប៉ាល់ បានប្រកាសច្បាប់កំណត់ចំនួនមនុស្ស ដែលអាចឡើងលើកំពូលភ្នំនៅ ពេលមានអាកាសធាតុសមស្រប៕