(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,១២០នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣៦២,៧២៧នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ជាង ២៣.៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៥៨,៣៥១នាក់ និងជាសះស្បើយឡើងវិញជិត ២០លាននាក់ ខណៈអ្នកជំងឺ ៣.៧១លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។ សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គឺឥណ្ឌាសម្រេចបាន ១៧៧លានដូស គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕