(កង់បេរ៉ា)៖ ប្រទេសអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ចំនួន ២៥លានដូស ដែលរដ្ឋាភិបាលអូស្រ្តាលីសង្ឃឹមថា នឹងធានាបាននូវប្រជាជនពេញវ័យរបស់ខ្លួនទាំងអស់ អាចទទួលបានការចាក់វ៉ាក់សាំងនៅឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

បើតាមក្រុមហ៊ុន Moderna កិច្ចព្រមព្រៀងខាងលើនេះ រួមមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១០លានដូសដែលនឹងត្រូវផ្តល់ជូននៅឆ្នាំ២០២១ និង ១៥លានដូសទៀតនៅឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានបង្ហាញពីក្តីរំពឹងរបស់លោកថា វ៉ាក់សាំងចំនួន ១០លានដំបូង នឹងមកដល់ប្រទេសអូស្ត្រាលី នៅអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១។ ចំណែកឯវ៉ាក់សាំងចំនួន ១៥លានដូសទៀត ទុកសម្រាប់ដោះស្រាយជាមួយវីរុស ដែលអាចកើតមាននាពេលអនាគត។

លោក Scott Morrison បានគូសបញ្ជាក់បន្ថែមថា «យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការដោះស្រាយ នូវអ្វីដែលនឹងកើតឡើងបន្តទៀត ពីព្រោះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ មិនទាន់បាត់ទៅណាទេ»

គួរបញ្ជាក់ថា ក្រុមហ៊ុន Moderna កំពុងពិភាក្សាជាមួយរដ្ឋាភិបាលអូស្រ្តាលី ដើម្បីអនុញ្ញាតឱ្យវ៉ាក់សាំងរបស់ខ្លួនផលិតនៅក្នុងប្រទេសអូស្ត្រាលី ដោយខ្លួនសន្យាថា នឹងផ្តល់ការចាក់វ៉ាក់សាំងរហ័សរហួនលឿនជាងមុន ហើយវ៉ាក់សាំងរបស់ខ្លួន ក៏មានគុណសម្បត្តិមួយដែលវា មិនចាំបាច់រក្សាទុកនៅសីតុណ្ហភាពទាប ដូចវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឡើយ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna អាចជួយប្រទេសអូស្ត្រាលីឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងជូនដល់ ប្រជាជនពេញវ័យនៅអូស្ត្រាលីទាំងអស់ ២៦លាននាក់នៅចុងឆ្នាំ២០២១នេះ៕