(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធសប្ដាហ៍នេះដើម្បីពិភាក្សាគ្នាពីជម្លោះកាន់តែអាក្រក់ឡើងរវាង អ៉ីស្រាអែល និងប៉ាឡេស្ទីន តែមិនអាចចេញសេចក្ដីថ្លែងការណ៍រួមឡើយ ដោយសារតែមានការជំទាស់ពីសហរដ្ឋអាមេរិកដែលជាមេកើយដ៏ធំ របស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

បើតាមការទូតជាច្រើន សមាជិក១៤ នៃសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ បានយល់ព្រមលើការអនុម័តសេចក្ដីថ្លែងការណ៍រួមមួយ អំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែ សហរដ្ឋអាមេរិកយល់ថាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ គឺវាគ្រប់គ្រាន់ហើយក្នុងការបង្ហាញពីការព្រួយបារម្ភ ហើយថា សេចក្ដីថ្លែងការណ៍នឹងមិនអាចជួយបន្ធូរបន្ថយភាពតានតឹងរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលបានឡើយ។ យ៉ាងណាក៏ដោយ រដ្ឋបាលលោក ចូ បៃដិនបានបញ្ជូន បេសកជនពិសេសម្នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ ដើម្បីព្យាយាមស្វែងរកមធ្យោបាយបន្ធូរបន្ថយជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោច ៦៥នាក់ ក្នុងនោះមានកុមារ ១៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា ខណៈមនុស្ស ៧នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងកម្លាំងប្រដាប់អាវុធហាម៉ាស់ មកលើទឹកដីអ៉ីស្រាអែល៕