(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៥,៨១៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៤១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៥៨៦,១៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩៧,៧៨៥នាក់ និងជាសះស្បើយឡើងសរុប ២៦,៦២០,២២៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើ ទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

បច្ចុប្បន្នបណ្តារដ្ឋនៅសហរដ្ឋអាមេរិក កំពុងត្រៀមចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗវ័យជំទង់អាយុចន្លោះពី ១២-១៥ឆ្នាំ ក្រោយទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់។ ការអនុម័តនេះត្រូវបានគេមើលឃើញថា នឹងជួយជំរុញការចាក់វ៉ាក់សាំង នៅទូទាំងសហរដ្ឋអាមេរិក ឲ្យមានសន្ទុះកើនឡើងវិញ ខណៈជាងមួយសប្តាហ៍ចុងក្រោយនេះ អត្រានៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៦៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៣.៤៤លាននាក់ (៤៦.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១១៦.៥៧លាននាក់ (៣៥.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕