(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤,៨៨៧នាក់ និងអ្នកជំងឺ ៣២នាក់ទៀតស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ វាជាតួលេខអ្នកឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់់បំផុត ដែលប្រទេសថៃមិនធ្លាប់ជួបប្រទះនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

តួលេខឆ្លងយ៉ាងគំហុកខាងលើកើនឡើង ក្រោយអាជ្ញាធរថៃបានទទួលស្គាល់ថា កាលពីកំឡុងពេល ២៤ម៉ោងកន្លងទៅ ពួកគេបានរកឃើញអ្នកទោសជិត ៣,០០០នាក់ក្នុងពន្ធនាគារបានឆ្លង COVID-19 ក្នុងនោះមានអ្នកទោស ១,៧៩៥នាក់ត្រូវបានរាយការណ៍ចេញពីពន្ធនាគារបាងកក (Bangkok Remand) និង ១,០៤០នាក់ ត្រូវបានរកឃើញនៅឯមណ្ឌលកែប្រែមួយទៀត (Central Women’s Correctional Institution)។

ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសថៃកើនដល់ ៩៣,៧៩៤នាក់ ក្នុងស្លាប់កើនដល់ ៥១៨នាក់៕