(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីនៅថ្ងៃពុធនេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស៊ីវិលដែលរងគ្រោះថ្នាក់ពីការកើនឡើង នៃអំពើហឹង្សានៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ដោយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការវាយប្រហារទៅលើគោលដៅជនស៊ីវិល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។

ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យើងទទូចឱ្យគ្រប់ភាគីទាំងអស់ចាត់វិធានការជាបន្ទាន់ ដើម្បីធ្វើឱ្យស្ថានការណ៍ធូរស្បើយឡើងវិញ និងឆ្ពោះទៅរកបទឈប់បាញ់គ្នាមួយ»

សេចក្តីថ្លែងការណ៍បានបន្ថែមថា «គ្រប់ភាគីទាំងអស់មានទំនួលខុសត្រូវក្នុងការបញ្ឈប់អំពើហឹង្សា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីការពារសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនស៊ីវិលទាំងសងខាង»

គួរបញ្ជាក់ថា ការសងសឹកគ្នាវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនបានកើនឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤៩នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស។ រលកនៃអំពើហិង្សាបច្ចុប្បន្នរវាងអ៉ីស្រាអែល និងកងកម្លាំងប្រដាប់អាវុធហាម៉ាស់ ក្នុងតំបន់ហ្គាហ្សា គឺជាលើកដំបូងហើយចាប់តាំងពីការវាយប្រហារតាមអាកាស និងដីទ្រង់ទ្រាយធំចុងក្រោយបង្អស់ដែលអ៉ីស្រាអែលបានធ្វើនៅលើទឹកដីប៉ាឡេស្ទីនអស់រយៈពេល ៥០ថ្ងៃ កាលពីឆ្នាំ២០១៤៕