(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេសុីបានរាយការណ៍ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាចំនួនអ្នកស្លាប់ថ្មីក្នុងរយៈពេលតែមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីជំងឺ COVID-19 បានឆក់យកជីវិតមនុស្សចំនួន ៣៩នាក់បន្ថែមទៀតនៅថ្ងៃពុធនេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,៧៦១នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។

ក្នុងរយៈពេលដូចគ្នានេះម៉ាឡេស៊ីក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៤,៧៦៥ករណីផងដែរ ដោយក្នុងនោះមានតែ ០៧ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះគឺជាករណីសហគមន៍ទាំងអស់។

ជាសរុប ប្រទេសអាស៊ានមួយនេះមានករណីឆ្លង ៤៥៣,២២២ករណី ក្នុងនោះស្លាប់ ១,៧៦១នាក់ និងជាសះស្បើយ ៤១១,៣៦០នាក់ ឬស្មើនឹង ៩០.៨%៕