(ហ្សាការតា)៖ កាសិក្សាថ្មីមួយដោយក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៉ី បានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac បានជួយកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព នូវរោគសញ្ញាជំងឺនេះក្នុងចំណោម បុគ្គលិកផ្នែកសុខាភិបាលឥណ្ឌូណេស៉ី គឺដល់ទៅខ្ទង់ ៩៤ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។

ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវខាងលើ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការសិក្សានោះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ទៅលើបុគ្គលិកផ្នែកសុខាភិបាលឥណ្ឌូណេស៉ីសរុប ១២៨,២៩០នាក់ ដែលមិនបានឆ្លងជំងឺ COVID-19 ហើយវាត្រូវបានបញ្ចប់ទៅ ក្រោយពេលពួកគេទទួលបានការចាក់វ៉ាក់សាំង Sinovac ដូសទីពីរ។

គួរបញ្ជាក់ថា ការសិក្សារបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី ក៏បានរកឃើញផងដែរថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ៩៦ភាគរយ ក្នុងការការពារបុគ្គលិកសុខាភិបាលឥណ្ឌូណេស៉ី ពីការធ្លាក់ខ្លួនឈឺរហូតដល់ត្រូវព្យាបាលនៅមន្ទីរពេទ្យ និងមានប្រសិទ្ធភាព ៩៨ភាគរយ ក្នុងការទប់ស្កាត់មិនឲ្យបាត់បង់ជីវិត ដោយសារតែជំងឺនេះ។ គិតត្រឹមចុងខែមេសាកន្លងទៅ បុគ្គលិកសុខាភិបាលឥណ្ឌូណេស៉ីយ៉ាងហោច ៩០០នាក់ ត្រូវបាន COVID-19 ផ្តាច់យកជីវិត៕