(ញូដេលី)៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌា បានស្នើសុំឱ្យបណ្ដារដ្ឋនានានៅទូទាំងប្រទេស ចាត់វិធានការណែនាំឱ្យប្រជាជនរបស់ខ្លួន បញ្ឈប់ការទម្លាក់សាកសពអ្នកសា្លប់ ដោយសារ COVID-19 ចូលក្នុងទន្លេ ហ្គាន់ជីស៍ ឬទន្លេគង្គា (Ganges) ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងតស៊ូប្រយុទ្ធជាមួយរលកទី ២ ដ៏កាចសាហាវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីធនធានទឹកឥណ្ឌា លោក ហ្គាជិតដ្រា ស៊ីង សេកខាវ៉ាត់ (Gajendra Singh Shekhawat) ក្រសួងរបស់លោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ហើយផ្ដល់ការណែនាំឱ្យបញ្ឈប់ការទម្លាក់សព អ្នកស្លាប់ដោយសារ COVID-19 ចូលក្នុងទន្លេគង្គា។ លោក Shekhawat បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ
សេចក្ដីរាយការណ៍ពីការទម្លាក់សពចូលក្នុងទន្លេគង្គា និងកំពុងដាក់ចេញវិធានការ ព្រមទាំងសេចក្ដីណែនាំឱ្យបញ្ឈប់ជាបន្ទាន់»។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌា កាលពីប៉ុន្មានថ្ងៃមុននេះ សាកសពមនុស្សយ៉ាងហោច ៩៦នាក់ត្រូវបានគេប្រទះឃើញអណ្ដែតក្នុងទន្លគង្គានៃរដ្ឋ ប៊ីហា (Bihar) និងរដ្ឋ អូតតា ប្រាដែស (Uttar Pradesh)។ ខណៈអាជ្ញាធរមិនទាន់ដឹងច្បាស់ថា សាកសពទាំងនោះមានប្រភពមកពីកន្លែងណាឲ្យប្រាកដ ប្រជាពលរដ្ឋឥណ្ឌាបាននិយាយថា មនុស្សម្នានាំគ្នាបណ្តែត សាកសព ទៅក្នុងទន្លេ Ganges ដែលត្រូវបានចាត់ទុកជាទន្លេពិសិដ្ឋ ដោយសារតែការខ្វះខាតឈើសម្រាប់បូជា ជាពិសេសតាមទីជនបទ៕