(វ៉ាស៊ីនតោន)៖ អំពើហិង្សាជាច្រើនសប្ដាហ៍មកនេះបង្កឡើងដោយសារគម្រោងបណ្ដេញប្រជាជនប៉ាឡេស្ទីនជាច្រើនគ្រួសារចេញពីផ្ទះរបស់ពួកគេ បាន និងកំពុងជំរុញឱ្យ អ្នកប្រជាធិបតេយ្យ, សកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកជំនាញមួយចំនួនអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចេញមុខថ្កោលទោសប្រឆាំងនឹងសកម្មភាព សម្ព័ន្ធមិត្តអាមេរិកដូចជាអ៉ីស្រាអែល។

តាមការពិតទៅ ជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនមិនមែនជារឿងថ្មីថ្មោងឡើយ ហើយជម្លោះចាស់បង្កជាជម្លោះថ្មីនាពេលបច្ចុប្បន្នកើតមានឡើងតាំងតែពីខែមេសា កន្លងទៅមកម្លេះ បន្ទាប់ពីតុលាការអ៉ីស្រាអែលប្រកាសពីការបើកសវនាការមួយ ដើម្បីធ្វើការសម្រេចចិត្តលើគម្រោងបណ្ដេញប្រជាជនប៉ាឡេស្ទីនជាច្រើនគ្រួសារចេញពីផ្ទះ របស់ពួកគេនៅក្នុងតំបន់សៀស ចារ៉ាស់ (Sheikh Jarrah) ក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត (East Jerusalem)។

រាប់សិបឆ្នាំមកនេះ អ៉ីស្រាអែលបានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចេញពីផ្ទះ, បំផ្លាញផ្ទះរបស់ពួកគេ ហើយសាងសង់លំនៅដ្ឋានរាប់រយខ្នងឱ្យនិគមន៍ជនអ៉ីស្រាអែល បើទោះជា មានការថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយ។ អ៉ីស្រាអែលរំលោភសិទ្ធិមនុស្សលើប្រជាជនប៉ាឡេស្ទីន នរណាៗក៏ដឹងដែរ រហូតដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏ចង់បើកការស៊ើបអង្កេតពីបទឧក្រិដ្ឋសង្រ្គាមដែលគេចោទថាប្រព្រឹត្តឡើងដោយយោធាអ៉ីស្រាអែលទៀតផង។ តែការថ្កោលទោស ឬការដាក់ទណ្ឌកម្មចំពោះទង្វើ អ៉ីស្រាអែលមិនអាចកើតឡើងទៅរួចឡើយ ដ្បិតសហរដ្ឋអាមេរិកក្នុងនាមជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចតែងតែចេញមុខពាំងគ្រាប់ជំនួសអ៉ីស្រាអែលជានិច្ច មិនថានៅក្រោម ការដឹកនាំរបស់ប្រធានាធិបតីអាមេរិករូបណានោះទេ ហើយលោក ចូ បៃដិនក៏ទំនងជាមិនខុសគ្នាប៉ុន្មានដែរមើលទៅ។

*ការធ្វើតេស្ដសិទ្ធិមនុស្សចំពោះលោក បៃដិន

សកម្មភាពរបស់អ៉ីស្រាអែលក្នុងទីក្រុង ហ្សេរុយសាឡឹមខាងកើត (East Jerusalem) ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជាការធ្វើតេស្ដមួយលើសិទ្ធិមនុស្សចំពោះ លោក ចូ បៃដិន។ កាលពីខែកុម្ភៈកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយជាសាធារណៈថារដ្ឋបាលលោក ចូ បៃដិននឹងដាក់បញ្ហា សិទ្ធិមនុស្សនៅចំកណ្ដាលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តកសាង ឱ្យបាននូវពិភពលោកមួយដែលសិទ្ធិមនុស្សត្រូវបានគាំពារជាដាច់ខាត រីឯអ្នកការពារសិទ្ធិមនុស្សត្រូវបានកោតសរសើរ ហើយអ្នកដែលប្រព្រឹត្តទង្វើរំលោភសិទ្ធិមនុស្សត្រូវតែ ទទួលខុសត្រូវ»

បើតាមអ្នកជំនាញដូចជាលោក ស៊ីប្លី តែលហាមី (Shibley Telhami) ជាសាស្ត្រាចារ្យម្នាក់ផ្នែកសន្តិភាព និងការអភិវឌ្ឍមកពីសាកលវិទ្យាល័យ University of Maryland ការរិះគន់ ឬការថ្កោលទោសលើការប៉ុនប៉ងរបស់អ៉ីស្រាអែល បណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីផ្ទះរបស់ពួកគេ គឺជាឱកាសមួយដ៏ល្អសម្រាប់រដ្ឋបាលលោក ចូ បៃដិន ការពារអ្វីដែលខ្លួនបាននិយាយ។ លោក តែលហាមី សង្កត់ធ្ងន់ដូច្នេះថា៖ «ពិភពលោកកំពុងរង់ចាំមើល...រដ្ឋបាលលោក បៃដិនចាំបាច់ត្រូវតែបង្ហាញថាវាមិនមែន ជាការនិយាយឱ្យរួចតែពីមាត់ឡើយ ហើយពួកគេត្រូវតែបង្ហាញពីគោលជំហរនេះនៅពេលដ៏លំបាក មិនមែននៅពេលវាគ្មានតម្លៃសម្រាប់នយោបាយនោះឡើយ»

ក៏ប៉ុន្តែក្រៅពីតែសម្ដែងការសោកស្ដាយ និងឱ្យអំពាវនាវឱ្យអ៉ីស្រាអែល និងប៉ាឡេស្ទីនបន្ធូរបន្ថយភាពតានតឹងគ្នា រដ្ឋបាលលោក ចូ បៃដិន រួមទាំងលោកផ្ទាល់មិនបាន បញ្ចេញប្រតិកម្មជាដុំកំភួនអ្វីឡើយ។ «ប្រទេសអ៉ីស្រាអែលមានសិទ្ធិការពារខ្លួន និងធ្វើការឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ រីឯប្រជាជនប៉ាឡេស្ទីន ក៏មានសិទ្ធិទទួលបានសុវត្ថិភាព និងសន្តិសុខដូចប្រជាជនអ៉ីស្រាអែលដែរ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ។

*ជំហរអាមេរិកចំពោះប៉ាឡេស្ទីន

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនធ្លាប់បានប្រកាសថានឹងបន្តគាំទ្រលើដំណោះស្រាយរដ្ឋពីរ (two-state solution) ដែលបែងចែករវាងរដ្ឋប៉ាឡេស្ទីន និងអ៉ីស្រាអែល ជាមួយព្រំដែនខណ្ឌចែកគ្នាប្រហាក់ប្រហែលនឹងព្រំដែនដែលមានមុនសង្រ្គាមនៅឆ្នាំ១៩៦៧។ ដែនដីទាំងនេះរួមមានតំបន់ហ្គាហ្សា, វែស ប៊េង (West Bank) និងផ្នែកជា ច្រើននៃទីក្រុងហ្សេរុយសាឡឹមខាងកើត (East Jerusalem) ដែលប៉ាឡេស្ទីនចង់យកធ្វើជារដ្ឋធានីនៅពេលបង្កើតរដ្ឋពេញលេញ។ អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់គាំទ្រ និងជំរុញដំណោះស្រាយនេះដែរ តែកិច្ចចរចាបានបរាជ័យក្នុងឆ្នាំ២០១៤ ដោយសារតែអ៉ីស្រាអែលនៅតែបន្តបញ្ជូនប្រជាជនខ្លួន និងសាងសង់លំនៅដ្ឋានរាប់ពាន់ខ្នងនៅលើទឹកដីប៉ាឡេស្ទីន។

* ជំហរអាមេរិកចំពោះទីក្រុងហ្សេរុយសាឡឹម

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេតែម្នាក់គត់ដែលបានប្រកាសរើស្ថានទូតអាមេរិកប្រចាំទីក្រុងតែល អាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ហើយទទួលស្គាល់ទីក្រុងមួយនេះជារដ្ឋធានីរបស់អ៉ីស្រាអែលផ្ដាច់មុខ។ ការសម្រេចចិត្តបែបនេះទទួលរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ ខណៈអាជ្ញាធរប៉ាឡេស្ទីនបានផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋបាលលោក ត្រាំ។ ទោះជាលោក ចូ បៃដិនសន្យាថានឹងស្ដារទំនាក់ទំនងនេះឡើងវិញក៏ដោយ តែលោកអះអាងថាស្ថានទូតអាមេរិកនឹងបន្តស្ថិតនៅក្នុងទីក្រុងហ្សេរុយសាឡឹមដដែល ហើយលោកមានបំណងបើកឡើងវិញនូវបេសកកម្មប៉ាឡេស្ទីនប្រចាំ ទីក្រុងវ៉ាស៊ីនតោន និងស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហ្សេរុយសាឡឹមខាងកើត បន្ទាប់ពីត្រូវបានលោក ត្រាំ បិទចោល។

*ជំហរអាមេរិកជុំវិញអាណានិគមអ៉ីស្រាអែល

ភ្លាមៗក្រោយឆ្នាំសង្រ្គាមឆ្នាំ១៩៦៧ អ៉ីស្រាអែលបានចាប់ផ្ដើមសាងសង់លំនៅដ្ឋានជាច្រើនឱ្យប្រជាជនរបស់ខ្លួនរស់នៅលើទឹកដីប៉ាឡេស្ទីន ជាពិសេសនៅក្នុងតំបន់ West Bank និងទីក្រុង ហ្សេរុយសាឡឹមខាងកើតតែម្ដង។ គិតត្រឹមឆ្នាំ២០១៩ ជនជាតិអ៉ីស្រាអែល ប្រមាណ ៦សែននាក់ បាននិងកំពុងរសនៅក្នុងលំនៅដ្ឋានអាណានិគមក្នុងតំបន់ West Bank និងទីក្រុង ហ្សេរុយសាឡឹមខាងកើត។

រាប់ឆ្នាំមកនេះ សហរដ្ឋអាមេរិកតែងតែថ្កោលទោសជាផ្លូវការលើការសាងសង់លំនៅដា្ឋនរបស់អ៉ីស្រាអែលលើទឹកដីប៉ាឡេស្ទីន ដោយចាត់ទុកថាវាជាទង្វើរាំងស្ទះដល់ កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនមិនដែលចាត់ទុកការសង់លំនៅដា្ឋនអាណានិគមរបស់អ៉ីស្រាអែលជាទង្វើខុសច្បាប់ឡើយ ហើយតែងតែ ប្រើសិទ្ធិវេតូជានិច្ចដើម្បីការពារអ៉ីស្រាអែលពីទណ្ឌកម្មអន្តរជាតិ។

*តើមានដំណោះស្រាយបញ្ចប់ជម្លោះដែរទេ?

វាពិតជាមានសង្ឃឹមតិចតួចណាស់ថាអ៉ីស្រាអែល និងប៉ាឡេស្ទីនអាចមានសន្តិភាពនឹងគ្នា។ វាក៏ប្រហែលជាមិនអាចទៅរួចដែរដែលប៉ាឡេស្ទីននឹងទទួលបានកញ្ចប់សម្បទាន ពីអ៉ីស្រាអែល ដែលអំណោយផលជាងសម្បទានដែលប៉ាឡេស្ទីនបានច្រានចោលកាលពីអតីតកាលនោះដែរ។ ក្រុមអ្នកជំនាញមួយចំនួនយល់ថា «ដំណោះស្រាយរដ្ឋ២» នឹងនៅតែទទួលបរាជ័យ បើសិនជាអ៉ីស្រាអែលនៅតែបន្តសង់លំនៅដ្ឋានអាណានិគមនៅក្នុងតំបន់ West Bank និងតំបន់ជ្រលងភ្នំហ្ស៊កដង់ (Jordan Valley) ខណៈសកម្មភាពបែបនេះត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព (Abraham Accord) ជាមួយអេមីរ៉ាតរ៉ាប់រួមត្រឹមតែ «ផ្អាក» ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា (Gaza) យ៉ាងហោច ៣៥នាក់ ក្នុងនោះមានកុមារ១០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់យោធាអីស្រាអែល គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍មក។ យោធាអ៉ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃពុធនេះនៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ចូលក្នុងទីក្រុង Tel Aviv និងទីក្រុង Beersheba ដោយបណ្ដាលឱ្យជនជាតិអ៉ីស្រាអែល ៥នាក់បានស្លាប់។ អីស្រាអែលអះអាងថាការវាយប្រហាររបស់ខ្លួនមានគោលដៅទៅលើក្រុមហាម៉ាស់៕

ប្រភព៖ Vox, Council on Foreign Relation (ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១)