(គុយបា)៖ ការសិក្សាស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើង នៅប្រទេសគុយបា បានរកឃើញថា ថ្នាំផ្សះមួយប្រភេទឈ្មោះ អ៉ីតូលីហ្ស៊ូម៉ាប (itolizumab) ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសដីកោះនេះពិតជាមានប្រសិទ្ធភាពជួយការពារអ្នកជំងឺ COVID-19 កុំឲ្យវិវត្តទៅសភាពធ្ងន់ធ្ងរបានប្រាកដមែន ហើយប្រទេសឥណ្ឌាក៏ទើបអនុម័តឲ្យប្រើថ្នាំប្រភេទនេះដែរ។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រប្រទេសអូម៉ង់ (Oman observer) នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន បាយអូនខុន (Biocon Ltd) របស់ឥណ្ឌាបាននិយាយកាលពីដើមខែឧសភានេះថា ខ្លួនបានទទួលការយល់ព្រមឲ្យប្រើប្រាស់ថ្នាំ itolizumab នៅក្នុងប្រទេសឥណ្ឌាចំពោះអ្នកជំងឺ COVID-19 ដែលមានបញ្ហាផ្លូវដង្ហើមកំរិតមធ្យម ដើម្បីកុំឲ្យជំងឺវិវត្តទៅកំរិតធ្ងន់ធ្ងរ។ ដើមឡើយវាត្រូវបានគេធ្វើតេស្ត ដើម្បីព្យាបាលជំងឺរបកស្បែកប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវជាតិរួមគ្នាជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយ នៅប្រទេសគុយបា (Molecular Immunology) ដែលបានអភិវឌ្ឍថ្នាំ itolizumab បាននិយាយថា ការប្រើថ្នាំ itolizumab បានទាន់ពេលវេលា រួមផ្សំនឹងការព្យាបាលតាមស្តង់ដារត្រឹមត្រូវ ពិតជាអាចជួយកាត់បន្ថយការរលាក និងរារាំងកុំជំងឺកូវីដ១៩វិវត្តទៅជាធ្ងន់ធ្ងរ។

ការសិក្សាខាងលើ ត្រូវបានធ្វើឡើងនៅលើក្រុមអ្នកជំងឺ ដែលមានអាយុលើសពី៦៤ឆ្នាំ ព្រមទាំងមានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម ជំងឺវង្វេងវង្វាន់ ជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺសួតទៀតផង។ អ្នកទាំងនេះត្រូវបានគេចាត់ទុកថា ជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ទៅនឹងរោគសញ្ញាធ្ងន់ធ្ងរ ឬអាចស្លាប់ក្រោយឆ្លង COVID-19។

អ្នកជំងឺទាំងនោះបានទទួលការព្យាបាល ដោយប្រើថ្នាំ itolizumab ចំនួនមួយ ឬពីរដូស រួមជាមួយការព្យាបាលតាមស្តង់ដារ ដែលត្រូវបានប្រើនៅគុយបានៅពេលនោះ។ ជាលទ្ធផលបានបង្ហាញថា មានតែអ្នកជំងឺពីរនាក់ប៉ុណ្ណោះ ដែលត្រូវការការព្យាបាលដោយប្រើអុកស៊ីសែន បន្ទាប់ពីបានទទួលថ្នាំ itolizumab ដូសដំបូង ហើយអ្នកជំងឺទាំងអស់ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល១៤ថ្ងៃក្រោយ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានប្រឹងប្រែងរិះរកគ្រប់វិធី រួមមានទាំងការអនុម័ត ឲ្យប្រើប្រាស់ថ្នាំជាបន្តបន្ទាប់ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយ បញ្ហាកកកុញនៃអ្នកជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ។ ពួកគេមិនត្រឹមតែខ្វះគ្រែពេទ្យ និងអុកស៊ីសែនប៉ុណ្ណោះ ប៉ុន្តែថ្នាំព្យាបាលជំងឺដ៏ចាំបាច់ ក៏កំពុងស្ថិតក្នុងការខ្វះខាតយ៉ាងដំណំផងដែរ៕