(តេហេរ៉ង់)៖ នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសអ៉ីរ៉ង់បានប្រកាសផលិតវ៉ាក់សាំងបង្ការ COVID-19 ដែលខ្លួនខិតខំអភិវឌ្ឍឡើងមានឈ្មោះថា ខូវ-អ៉ីរ៉ង់ (COV-Iran) ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងរយៈពេល ១០ថ្ងៃប៉ុណ្ណោះគិតចាប់ពីថ្ងៃអង្គារនេះតទៅ អ៉ីរ៉ង់គ្រោងផលិតវ៉ាក់សាំង COV-Iran ឲ្យបាន ១លានដូស ហើយប្រមាណជា ១០លានដូសនឹងត្រូវផលិតឲ្យរួចរាល់ នៅត្រឹមខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ដោយ មូលនិធិ បារ៉េកាត (Barekat Foundation) របស់អ៉ីរ៉ង់ ដែលទទួលបន្ទុកក្នុងការផលិតវ៉ាក់សាំង COV-Iran ក្នុងទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ COV-Iran ខាងលើនេះ បានឆ្លងកាត់ការធ្វើតេស្តបីដំណាក់កាល ដោយដំណាក់កាលចុងក្រោយ ត្រូវបានចូលរួមដោយអ្នកស្ម័គ្រចិត្តសរុប ២០,០០០នាក់ នៅក្នុងទីក្រុងតេហេរ៉ង់, ប៊ូហ្សេហ៍, ស៊ីរ៉ាស, ម៉ាហ្សាដ និង អ៊ីហ្វាហាន។ គិតត្រឹមថ្ងៃអង្គារនេះ អ៉ីរ៉ង់មានករណីឆ្លង COVID-19 សរុប ២.៦៩លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៧៥,៥០០នាក់ និងជាសះស្បើយវិញ ២.១៤លាននាក់៕