Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះករណីបាញ់ប្រហារក្នុងសាលារៀនមួយនៅរុស្ស៊ី, មនុស្ស១១នាក់ស្លាប់ និងជាច្រើននាក់រងរបួស ​(Video inside)

11-05-2021 17:52

(កាហ្សាន)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ នៅសាលារៀនមួយក្នុងទីក្រុង កាហ្សាន (Kazan) ភាគខាងលិចប្រទេសរុស្ស៊ី។

នៅក្នុងវីដេអូដែលបានថតដោយឃើញហេតុការណ៍ជាក់ស្តែង ដែលត្រូវបានចែកចាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA គេអាចឃើញក្មេងវ័យជំទង់ ០២នាក់បានលោតចេញពីជាន់ទី ៣ នៃអគារសាលារៀនលេខ ១៧៥ ដែលមានកម្ពស់ ០៤ជាន់ ខណៈដែលបានលឺសំឡេងកាំភ្លើង។

បើតាមសារព័ត៌មានរុស្ស៊ីមួយចំនួន មានខ្មាន់កាំភ្លើងក្មេងវ័យជំទង់ ០២នាក់បានចូលរួមក្នុងការបាញ់ប្រហារមួយនោះ ហើយខ្លះទៀតបានរាយការណ៍ថា មានខ្មាន់កាំភ្លើងតែម្នាក់ប៉ុណ្ណោះ។ បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ខ្មាន់កាំភ្លើងអាយុ ១៩ឆ្នាំម្នាក់ត្រូវបានគេចាប់ឃុំឃាំងហើយ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើអាចមានខ្មាន់កាំភ្លើងដទៃទៀត ឬក៏យ៉ាងណានោះទេ ហើយក៏មិនទាន់ដឹងច្បាស់អំពីមូលហេតុ ស្ថិតនៅពីក្រោយការវាយប្រហារនេះដែរ។

គួរបញ្ជាក់ថា ការបាញ់ប្រហារនៅសាលារៀន គឺកម្រមានណាស់នៅក្នុងប្រទេសរុស្ស៊ី។ ការបាញ់ប្រហារបែបនេះ បានកើតឡើងចុងក្រោយបង្អស់ នៅក្នុងឧបទ្វីបគ្រីមៀ (Crimea) ដែលកំពុងគ្រប់ដោយរុស្ស៊ី កាលពីឆ្នាំ២០១៨ នៅពេលដែលនិស្សិតមហាវិទ្យាល័យម្នាក់ បានបាញ់សម្លាប់មនុស្សចំនួន ១៩នាក់មុនពេលបាញ់សម្លាប់ខ្លួនឯង៕