(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៣២៩,៩៤២នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៨៧៦នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២២,៩៩២,៥១៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤៩,៩៩២នាក់ និងជាសះស្បើយឡើងវិញជាង ១៩លាននាក់។ សម្រាប់អ្នកជំងឺសរុប ៣.៧១លាននាក់កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល ហើយវាគឺជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដែលចំនួនអ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាលមានការថយចុះ (តួលេខថ្ងៃចន្ទម្សិលមិញគឺ ៣.៧៥លាននាក់)។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 រដ្ឋជាច្រើនបានប្រកាសបិទទ្វារ ដើម្បីទប់ទល់ និងអាចអូសបន្លាយរហូតដល់ជិតដំណាច់ខែឧសភា។ យ៉ាងណាក៏ដោយ ចំនួននៃការចាក់វ៉ាក់សាំងបង្ការ COVID-19 ក៏កំពុងត្រូវបានបង្កើនផងដែរ ដោយគិតត្រឹមថ្ងៃអង្គារនេះ វ៉ាក់សាំងសរុប ១៧២លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស៕