(ហាណយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៨ករណីបន្ថែមទៀត នៅតំបន់ភាគខាងជើងដែលជាតំបន់បិទខ្ទប់ គិតចាប់តាំងពីម៉ោង ០៦៖០០នាទីល្ងាចថ្ងៃចន្ទ ដល់ម៉ោង ០៦៖០០នាទីព្រឹកព្រលឹមថ្ងៃអង្គារ ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣,៤៨៩ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៣ករណីត្រូវបានរកឃើញនៅខេត្ត បាក នីញ (Bac Ninh) ភាគខាងជើង, ០៧ករណីនៅខេត្ត វិញ ហ្វ៊ុក (Vinh Phuc) ភាគខាងជើង, ០៥ករណីទៀតនៅខេត្ត បាក ហ្គៀង (Bac Giang) ភាគខាងជើង និង ០៣ករណីទៀតនៅខេត្តផ្សេងៗ។ ករណីភាគច្រើន គឺមានជាប់ទាក់ទងជាមួយអ្នកជំងឺ ដែលត្រូវបានរាយការណ៍កាលពីមុន ឬមានជាប់ទាក់ទងជាមួយចង្កោមអ្នកចម្លង នៅតាមមូលដ្ឋាន។

ក្រសួងសុខាភិបាលវៀតណាម ក៏បានគូសបញ្ជាក់បន្ថែមថា មនុស្សប្រហែល ៨៩២,៥០០នាក់ដែលធ្វើការនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលភាគច្រើនជាបុគ្គលិកសុខាភិបាល បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះរួចរាល់។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៦៖០០នាទីព្រឹកថ្ងៃអង្គារនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណី COVID-19 សរុបចំនួន ៣,៤៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយវិញ ២,៦១៨នាក់៕