(ហាណូយ)៖ អាជ្ញាធរថៃបាននិយាយថា ពួកគេកំពុងពិចារណាលើគោលការណ៍ «ធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬ travel bubbles» ជាមួយបណ្ដាប្រទេសអាស៊ី និងដែនដីមួយចំនួន ក្នុងនោះរួមមានទាំងវៀតណាមដោយរំពឹងថា វិស័យទេសចរណ៍អន្តរជាតិ អាចនឹងចាប់ផ្ដើមដំណើរការណ៍ឡើងវិញ នៅខែតុលាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

សារព័ត៌មាន Bangkok Post ដោយផ្អែកលើការស្រង់សម្ដីរបស់ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ លោក ភីផាត រ៉ាត់ឆាឃីតប្រាកាន (Phiphat Ratchakitprakarn) បានឱ្យដឹងទៀតថា នៅពេលការឆ្លង COVID-19 ក្នុងសហគមន៍បច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រងហើយនោះ រដ្ឋាភិបាលថៃអាចនឹងចាប់ផ្ដើមកិច្ចពិភាក្សា លើគោលការណ៍ travel bubbles ជាមួយសិង្ហបុរី, ទីក្រុងហុងកុង (ចិន), វៀតណាម, ឡាវ និងម៉ាឡេស៊ី។

តែព្រមពេលជាមួយគ្នា លោក Ratchakitprakarn បានអះអាងថា សព្វថ្ងៃគ្មានប្រទេសណាមួយចង់អនុវត្តគោលការណ៍ travel bubbles ជាមួយថៃ ខណៈករណីឆ្លងនៅតែស្ថិតនៅក្នុងកម្រិតខ្ពស់នោះទេ។ ដូច្នេះដើម្បីឈានដល់កិច្ចពិភាក្សានេះ ថៃត្រូវបង្កើនល្បឿនចាក់វ៉ាក់សាំង ជាពិសេសនៅក្នុងទីក្រុងបាងកក ហើយដើម្បីស្ដារទំនុកចិត្តពីភ្ញៀវទេសចរអន្តរជាតិ ថៃត្រូវតែប្រឹងប្រែងធ្វើឱ្យករណីឆ្លងប្រចាំថ្ងៃ ធ្លាក់ចុះមកនៅក្រោម ២០០នាក់នៅត្រឹមដំណាច់ខែឧសភានេះ៕