(ប៉េកាំង)៖ «អូស្រ្តាលីបានបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ក្នុងវិស័យសេដ្ឋកិច្ចសម្រាប់ឥរិយាបថដែលនិយមបំផុសសង្រ្គាមរបស់ខ្លួន» នេះជាការវិភាគនៃអត្ថបទមួយនៅលើវេបសាយ Russia Today ដែលនិពន្ធ និងចេញផ្សាយដោយលោក Bradley Blankenship អ្នកសារព័ត៌មានអាមេរិកកាលពីថ្ងៃទី៦ ខែឧសភា ។ អត្ថបទនេះបានចង្អុលបង្ហាញថា អ្នកនយោបាយប្រឆាំងចិននៃអូស្រ្តាលី ងប់ងល់នឹងបង្ករឿងហេតុជាមួយប្រទេសចិន នេះគឺមានលក្ខណៈគ្រោះមហន្តរាយ បើនិយាយចំពោះប្រទេសរបស់ពួកគេ។

យ៉ាងណាមិញ អ្នកនយោបាយអូស្ត្រាលីហាក់ដូចជាមិនបានដកយកមេរៀន អំពីការព្រមានថ្មីបំផុតរបស់ប្រទេសចិននោះទេ។ លោក Dan Tehan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្រ្តាលីបានថែ្លងថា "ការសម្រេចចិត្តរបស់ប្រទេសចិន ធ្វើឱ្យគេខកចិត្តយ៉ាងខ្លាំង ហើយអូស្ត្រាលីនៅតែមានឆន្ទៈធ្វើកិច្ចសន្ទនា ព្រមទាំងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដដែល" ដោយធ្វើដូចជាខ្លួនទទួលរងភាពអយុត្តិធម៌ តែមិនសុខចិត្តនោះទេ។ ប៉ុន្តែតើអូស្រ្តាលីពិតជាមិនដឹងថា ហេតុអ្វីបានជាប្រទេសចិន ធ្វើសេចក្តីសម្រេចចិត្តបែបនេះ?

គឺដូចការវិភាគក្នុងអត្ថបទរបស់លោក Bradley Blankenship ដែលបានលើកឡើងថា អ្នកនយោបាយ មន្រ្តីយោធាជាន់ខ្ពស់ និងអ្នកសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៃអូស្រ្តាលីបានឃោសនាបំប៉ោងយ៉ាងគឃ្លើន នូវភាពតានតឹងនៃទំនាក់ទំនងរវាងចិន និងអូស្ត្រាលីព្រមទាំងលទ្ធភាពកើតមាន ការប៉ះទង្គិចយោធារវាងចិន និងអូស្ត្រាលីតាមរយៈពាក្យសំដីឆ្គួតឡប់ៗ។ ជាពិសេស អូស្ត្រាលីបានយកអ្វីដែលហៅថា «សន្តិសុខជាតិ» ធ្វើជាលេសដើម្បីដាក់កំហិតនិងគាបសង្កត់ ទៅលើគម្រោងសហប្រតិបត្តិការ និងលទ្ធផលជាផ្លែផ្កា ដែលមានស្រាប់ក្នុងគ្រប់វិស័យរវាងចិន និងអូស្ត្រាលី ដូចជាសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌មនុស្សជាតិជាដើម ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងបំផ្លិចបំផ្លាញដល់មូលដ្ឋាននៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាប្រក្រតី។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទំហំនាំចេញរបស់អូស្រ្តាលីទៅកាន់ប្រទេសចិន មានភាពធំធេងដែលមានចំនួនអតិរេក ៩៨ ភាគរយក្នុងពាណិជ្ជកម្មរបស់ខ្លួន បានមកពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។ ពីកសិផល ធ្យូងថ្មរហូតដល់ថ្មរ៉ែដែក ទំនិញជាច្រើនរបស់អូស្រ្តាលីសុទ្ធតែចាត់ទុកទីផ្សាររបស់ប្រទេសចិន ជាទីផ្សារសំខាន់បំផុត។ យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ ២០១៨ មក ទំនាក់ទំនងរវាងចិន និងអូស្រ្តាលីបានធ្លាក់ចូលក្នុងភាពជាប់គាំង។

បរិបទអន្តរជាតិសំខាន់ៗ គឺយុទ្ធសាស្ត្ររបស់អាមេរិកស្តីពីការដាក់សម្ពោធ និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ដោយគ្រប់ជ្រុងជ្រោយ។ អ្នកនយោបាយអូស្រ្តាលីមួយចំនួន ដែលគិតពិចារណាពីផលប្រយោជន៍នយោបាយ បានជ្រើសរើសការឈរជាមួយអាមេរិកទាំងស្រុង ពួកគេសុខចិត្តធ្វើជា «ទ័ពស្រួច» ប្រឆាំងនឹងប្រទេសចិនរបស់អាមេរិក ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិន និងអូស្ត្រាលីមានភាពកាន់តែអាប់អួរទៅៗ។

អ្នកនយោបាយអូស្រ្តាលីទាំងនោះ ដែលមានគំនិតគិតតែសង្គ្រាមត្រជាក់ ចាំបាច់ត្រូវដឹងយ៉ាងច្បាស់ថា ប្រទេសចិនដាច់ខាតមិនអនុញ្ញាតឱ្យអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសខ្លួន ទទួលរងផលប៉ះពាល់នោះទេ។ ជម្រើសតែមួយគត់របស់ពួកគេ គឺត្រូវវិលត្រឡប់មកផ្លូវត្រឹមត្រូវវិញក្នុងពេលឆាប់ៗ និងបានបញ្ឈប់ទង្វើអាក្រក់ដែលបំផ្លិចបំផ្លាញដល់ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការបន្ធូរបន្ថយទំនាក់ទំនងទ្វេភាគី៕