(កាប៊ុល)៖ មនុស្សយ៉ាងហោច ១១នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីគ្រាប់បែកបង្កៃតាមផ្លូវមួយគ្រាប់ផ្ទុះចំរថយន្ដក្រុងមួយគ្រឿង នៅឯខេត្តហ្សាប៊ុល (Zabul) ស្ថិតនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

បើតាមអាជ្ញាធរអាហ្វហ្គានីស្ថានខាងលើកើតឡើងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ និងតែ២ថ្ងៃប៉ុណ្ណោះក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកនៅខាងក្រៅ សាលារៀនមួយកន្លែងក្នុងទីក្រុងកាប៊ុល ផ្ដាច់ជីវិតមនុស្សដល់ទៅ ៦៨នាក់ និងច្រើនជាង ១៦៥នាក់រងរបួស។ មិនទាន់មានក្រុមណាមួយចេញមុខអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារដ៏ប្រល័យទាំង២នេះទេ ខណៈក្រុមតាលីបង់ទើបតែប្រកាសពីបទឈប់បាញ់រយៈពេល ៣ថ្ងៃដើម្បីត្រៀមស្វាគមន៍ ពិធីបុណ្យអ៉ីដ (Eid al-Fitr) ដែលនឹងប្រព្រឹត្តក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា អំពើហិង្សាបានផ្ទុះឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចាប់តាំងពីសហរដ្ឋអាមេរិកប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពី អាហ្វហ្គានីស្ថានឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា។ ប៉ុន្តែ ក្រុមអ្នកជំនាញព្រមានថាការដកកងទ័ពអាមេរិកអាចនឹងកាន់តែធ្វើឱ្យអាហ្វហ្គានីស្ថានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា នៅក្នុងបរិបទដែលក្រុមតាលីបង់ត្រូវបានគេមើលឃើញថាកំពុងមានប្រៀបខាងយោធាលើរដ្ឋាភិបាលទីក្រុងកាប៊ុល៕