(វ៉ាស៉ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា (ពេលវេលានៅអាមេរិក) បាននិយាយថា ចំនួនអ្នកស្លាប់ផ្លូវការដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិក គឺទាបជាងចំនួនជាក់ស្តែងច្រើនខ្លាំង។ នេះបើតាមកាចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ លទ្ធផលសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យវ៉ាស៉ីនតោន ស្តីពីតួលេខអ្នកស្លាប់ពិតប្រាកដដោយសារ COVID-19 លោក Anthony Fauci បានលើកឡើងថា ចំនួនអ្នកស្លាប់ជាង៩០០,០០០នាក់ នៅក្នុងការសិក្សានោះ គឺជាតួលេខដ៏ខ្ពស់មួយ ធៀបនឹងចំនួនតួលេខផ្លូវការ។ វាហាក់ច្រើនជាងចំនួនលោកប៉ាន់ស្មានបន្តិច ប៉ុន្តែលោកបានបញ្ជាក់វិញថា ពេលខ្លះការសិក្សាអាចត្រឹមត្រូវ ហើយពេលខ្លះពួកវាអាចលើសខ្វះបន្តិចបន្តួច។ លោក Fauci បានបន្តថា ទោះយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា តួលេខអ្នកស្លាប់នៃ COVID-19 នៅក្នុងសហរដ្ឋអាមេរិក គឺត្រូវបាននិងកំពុងបន្តរាប់ដោយខ្វះច្រើនខ្លាំង។

គួរបញ្ជាក់ថា បើតាមទីន្នន័យពីទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺអាមេរិក CDC គិតត្រឹមថ្ងៃទី០៥ ខែឧសភា អ្នកស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិក មានចំនួន៥៦១,៥៩៤នាក់ ខណៈបើតាមទិន្នន័យពីសាកលវិទ្យាល័យអាមេរិក Johns Hopkins តួលេខអ្នកស្លាប់ ដោយសារ COVID-19 នៅទីនោះ គឺ៥៨១,៧៥២នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី០៩ ខែឧសភា៕