(ផ្ល័ររីដា)៖ ភ្ញៀវទេសចរបរទេសជាច្រើននាក់ មកពីតំបន់អាមេរិកឡាទីន បានជិះយន្ដហោះមកកាន់ឆ្នេរទីក្រុង ម៉ៃអាមី (Miami) នៃរដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក ដើម្បីរង់ចាំចាក់វ៉ាក់សាំងបង្ការ COVID-19 ខណៈដែលកម្មវិធីចាក់វ៉ាក់សាំងក្នុងប្រទេសរបស់ពួកគេ កំពុងជួបប្រទះបញ្ហាច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារព័ត៌មាន AFP ការចាក់វ៉ាក់់សាំងខាងលើមិនតម្រូវឱ្យបញ្ជាក់ពីទីលំនៅឡើយ ហើយការចាក់វ៉ាក់សាំងវិញ ត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ ដោយប្រើវ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson។

ភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកពីតំបន់អាមេរិកឡាទីន ដូចជាប្រទេសអែលសាវ៉ាឌ័រ វេណេស៊ុយអេឡា និងអេក្វាដ័រជាដើម ជាទីដែលយុទ្ធនាការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ខណៈការស្វះស្វែងរកវ៉ាក់សាំង បានធ្វើឱ្យសំបុត្រយន្ដហោះឡើងថ្លៃ។ ជាធម្មតាជើងហោះហើរពីទីក្រុង ប៊ុយណូស អ៊ែរែស (Buenos Aires) ប្រទេសអាហ្សង់ទីនទៅកាន់ទីក្រុង Miami មានតម្លៃ ១,០០០ដុល្លារ តែវាបានហក់ឡើងថ្លៃដល់ ២,០០០ដុល្លារក្នុងខែឧសភានេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ភ្ញៀវទេសចរបរទេស ១៧៥នាក់បានចាក់វ៉ាក់សាំង Johnson & Johnson ស្របពេលប្រជាជនច្រើនជាង ៩លាននាក់ ក្នុងចំណោមប្រជាជនសរុប ២១.៥លាននាក់នៃរដ្ឋផ្ល័ររីដាទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចមួយដូស៕