Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ «មនុស្ស៧នាក់ស្លាប់ក្នុងករណីបាញ់ប្រហារ នៅឯពិធីខួបកំណើតមួយក្នុងរដ្ឋ Colorado» ​(Video inside)

10-05-2021 09:19

(អាមេរិក)៖ ប៉ូលិសអាមេរិកបានរាយការណ៍ឱ្យដឹងថា ជនសង្ស័យម្នាក់នៅព្រឹកថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) បានបើកការបាញ់ប្រហារនៅឯពិធីខួបកំណើតមួយក្នុងទីក្រុង ខូឡូរ៉ាដូ ស្ព្រីងស៍ (Colorado Springs) នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ភាគកណ្តាលសហរដ្ឋអាមេរិក ដោយបានបាញ់សម្លាប់មនុស្សចំនួន ០៦នាក់ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅនឹងកន្លែងកើតហេតុតែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

នាយកដ្ឋានប៉ូលិសទីក្រុង Colorado Springs (CSPD) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទ ដែលរាយការណ៍អំពីការបាញ់ប្រហារមួយនៅឯតំបន់ ខេនធើប៊ឺរី (Canterbury) កាលពីវេលាម៉ោងប្រហែល ១២៖១៨ នាទីពាក់កណ្ដាលអធ្រាត្រ (ម៉ោងក្នុងតំបន់) ឈានចូលថ្ងៃអាទិត្យ។

CSPD បានគូសបញ្ជាក់បន្ថែមថា «នៅពេលមកដល់ មន្រ្តីប៉ូលិសបានរកឃើញមនុស្សស្លាប់ចំនួន ០៦នាក់ និងបុរសពេញវ័យម្នាក់ដែលមានរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែរូបគេបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក»

បើតាមមន្ត្រីប៉ូលិសអាមេរិក ខ្មាន់កាំភ្លើងម្នាក់ដែលបានបង្កការបាញ់ប្រហារ រួចសម្លាប់ខ្លួនឯងជាក្រោយនោះ គឺជាមិត្តប្រុសរបស់ស្ត្រីជាជនរងគ្រោះម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ០៦នាក់ ក្រោយការបាញ់ប្រហារ។ ការស៊ើបអង្កេតកំពុងបន្ត ចំពោះអំពើបាញ់ប្រហារដ៏កក្រើកមួយនេះ៕