(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថាកំណាត់គ្រាប់រ៉ុក្កែតដ៏ធំរបស់ចិនបានធ្លាក់នៅឯមហាសមុទ្រឥណ្ឌា នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ដោយភាគច្រើននៃសមាសភាគរបស់វាត្រូវបានបំផ្លាញ នៅពេលត្រឡប់មកដល់បរិយាកាសផែនដីវិញ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ផ្នែកជាច្រើននៃគ្រាប់រ៉ុក្កែត Long March 5B បានត្រឡប់មកដល់បរិយាកាសផែនដីវិញ នៅម៉ោង ១០៖២៤នាទីព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានធ្លាក់នៅទីតាំងមួយដែលមានកូអរដោរនេរយៈបណ្ដោយខាងកើត ៧២.៤៧ឌឺក្រេ និងរយៈទទឹងខាងជើង ២.៦៥ឌឺក្រេ។

កូអរដោរនេនេះដៅចំណុចធ្លាក់នៅក្នុងតំបន់មហាសមុទ្រនៃភាគនីរតីប្រទេសឥណ្ឌា និងស្រីង្កា។ ចំណែកឯ បំណែកភាគច្រើននៃគ្រាប់រ៉ុកែតនេះបានផ្ទុះឆេះ នៅក្នុងបរិយាកាសផែនដី។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ឆ្លើយតបចំពោះបណ្តាសារព័ត៌មានលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ដែលបាននិងកំពុងផ្សព្វផ្សាយយ៉ាងច្រើន អំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិននោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានអះអាងតបទៅវិញថា «ហានិភ័យគឺស្ថិតនៅក្នុងកម្រិតទាបបំផុត»

លោក វ៉ាង វិនពីន (Wang Wenbin) បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងប៉េកាំងយ៉ាងដូច្នេះថា «ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់»។ លោក វ៉ាង បានសង្កត់ធ្ងន់ទៀតថា «បំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី»