(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថានបានឱ្យដឹងថាមនុស្សយ៉ាងហោច៥៥នាក់បានស្លាប់ និងច្រើនជាង១៥០នាក់រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដ បង្កៃគ្រាប់បែកដ៏ប្រល័យមួយ នៅក្នុងរដ្ឋធានីកាប៊ុលកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

បើតាមអាជ្ញាធរអាហ្វហ្គានីស្ថាន អ្នកស្លាប់ និងអ្នករងរបួសភាគច្រើនគឺជាសិស្សសាលា ហើយក្នុងនោះទៀតសោត អ្នករងរបួសភាគច្រើនជាសិស្សស្រីដែល ដើរចេញពីសាលារៀន សៃយីត អ៊ុល ស៊ូហ៊ូដា (Sayed ul Shuhada school)។

មកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ ខណៈវាកើតឡើងចំពេលសហរដ្ឋអាមេរិក កំពុងដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីអាហ្វហ្គានីស្ថានឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា។ ចំណែកឯ អ្នកនាំពាក្យក្រុមតាមលីបង់ក៏បានអះអាងដែរថាក្រុមខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ៕