(បរទេស)៖ នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 បានបញ្ចប់នៅក្រុងឡុងដ៏ប្រទេសអង់គ្លេស។ ក៏ដូចការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅដែរ ប្រទេសចិនបានក្លាយជា “តួឯក” ម្តងទៀតក្នុងកិច្ចប្រជុំលើកនេះ។ ក្នុងកិច្ចប្រជុំ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា គោលបំណងរបស់សហរដ្ឋអាមេរិកមិនមែនទប់ស្កាត់ ឬដាក់សម្ពាធទៅលើប្រទេសចិននោះទេ តែគឺខិតខំប្រឹងប្រែងគាំពារបៀបរៀបរយអន្តរជាតិ ដែលបានតម្កល់ទុក “ក្បួនច្បាប់” ជាមូលដ្ឋាន។ ពាក្យសំដីបែបនេះគួរឱ្យអស់សំណើចណាស់! ក្នុងនាមជាអ្នកបំផ្លិចបំផ្លាញរបៀបរៀបរយអន្តរជាតិធំជាងគេ អាមេរិកបែរជាតម្រូវឱ្យប្រទេសដទៃទៀត គោរពរបៀបរៀបរយអន្តរជាតិ តើអាមេរិកមានទីបង្អែកមកពីណា?

សូមយកគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ធ្វើជាឧទាហរណ៍។ គោលការណ៍នេះជាគោលការណ៍សំខាន់នៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ ប៉ុន្តែ ក្នុងរយៈពេលជាយូរណាស់មកហើយ ទង្វើរបស់អាមេរិកដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀតមានច្រើនណាស់។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 លើកនេះ អាមេរិកបានប្រមូលគ្នីគ្នាសម័្ពន្ធមិត្តម្តងទៀត ដើម្បីបង្កើតអង្គការមួយដែលហៅថា “មិត្តរបស់ហុងកុង” ក្នុងន័យចែករំលែកព័ត៌មាន និងការយកចិត្តទុកដាក់ពាក់ព័ន្ធជាដើម។ តើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត គឺជាវិធីសាស្ត្ររបស់អាមេរិកសម្រាប់គាំពារ “របៀបរៀបរយអន្តរជាតិ” ឬទេ?

ជាងនេះទៅទៀត ក្នុងរយៈពេលជាយូរណាស់មកហើយ អាមេរិកមិនអើពើនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ស្តីពីការហាមមិនឱ្យប្រើប្រាស់កម្លាំងអាវុធដោយខុសច្បាប់ ឬធ្វើការគំរាមកំហែងដោយកម្លាំងអាវុធ អាមេរិកបានបំផុសសង្គ្រាមនៅប្រទេសមានអធិបតេយ្យភាពជាច្រើន។ នៅឆ្នាំ២០០៣ អាមេរិកបានចោទប្រកាន់អ៊ីរ៉ាក់ ដោយយកម្សៅលាងខោអាវព័ណ៌សមួយដបធ្វើជាលេស ហើយបានបំផុសការវាយប្រហារទៅលើអ៊ីរ៉ាក់ ក្នុងសភាពការណ៍មិនទទួលបានការអនុញ្ញាតពីអង្គការសហប្រជាជាតិ បានបណ្តាលឱ្យមនុស្សរាប់សែននាក់ស្លាប់ និងរងរបួស។

ក្រៅពីនេះ អាមេរិកបានចាត់ទុកអង្គការអន្តជាតិជាសួនកំសាន្ត ដែលអាចទៅមកតាមតែទំនើងចិត្ត ដែលបានគំរាមកំហែងយ៉ាងកម្រោល ចំពោះអង្គការសុខភាពពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម រីឯនិយាយចំពោះក្បូនច្បាប់អន្តរជាតិ បើសិនជាសមសម្របនឹងផលប្រយោជន៍របស់អាមេរិក ក៏គោរពតាម បើសិនជាមិនសមស្របនឹងផលប្រយោជន៍របស់ខ្លួន នោះក៏ច្រានចោល។

បច្ចុប្បន្ននេះ ពិភពលោកត្រូវការពហុភាគីនិយមដ៏ពិតប្រាកដ។ ដូចប្រសាសន៍របស់លោក ស៊ី ជីងភីង ប្រធានរដ្ឋចិនដែលបានគូសបញ្ជាក់ ក្នុងពេលទាក់ទងតាមទូរស័ព្ទជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថា “បណ្តាប្រទេសនានាគួរតែគោរពតាមកម្មវត្ថុ និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ មិនត្រូវធ្វើតាមឯកតោភាគីនិយម និងអនុត្តរភាពនិយម មិនត្រូវចងសម័្ពន្ធដោយយកពហុភាគីនិយមធ្វើជាលេស ក្នុងន័យធ្វើការបដិបក្ខគ្នាលើវិស័យមនោគមវិជ្ជានោះទេ”។ ពាក្យសំដីបែបនេះ ទើបជាពាក្យសំដីដែលពិភពលោកត្រូវការពិតប្រាកដ ដែលនឹងនាំឱ្យពិភពលោកដើរទៅកាន់ផ្លូវអភិវឌ្ឍន៍ថ្មី៕ (#CCFR Comment#)